មន្ដ្រីជាន់ខ្ពស់៣ស្ថាប័នចុះពិនិត្យកែសម្រួលគម្រោងប្រឡាយស្រោចស្រពទៅជាប្រឡាយរំដោះទឹកបញ្ចៀសកុំឱ្យហូរចូលរាជធានីភ្នំពេញ
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្ដម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រឡាយទឹកដែលជាគម្រោងរបស់ក្រសួងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីកែប្រែប្រឡាយមួយចំនួនពីប្រឡាយស្រោចស្រពទៅជាប្រឡាយរំដោះទឹក និងធ្វើយ៉ាងណាបង្វែរផ្លូវទឹកកុំឱ្យហូរចូលមករាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង និងមន្ដ្រីជំនាញ បានចុះពិនិត្យទីតាំងឆ្លងកាត់ផ្លូវរថភ្លើងទល់មុខប្រឡាយតាហោ សង្កាត់ភ្លើងឆេះរទេះ ពិនិត្យទីតាំងប្រឡាយជើងឯកប្រសព្វផ្លូវជាតិលេខ៣ សង្កាត់ពងទឹក និងពិនិត្យទីតាំងឆ្លងផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវព្រៃស។

មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការចុះពិនិត្យនេះគឺឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដមរដ្ឋមន្ត្រី បានចុះពិនិត្យមើលពីវឌ្ឍនភាពប្រឡាយទឹក ដែលជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីភ្ជាប់ប្រឡាយលូទៅប្រឡាយមេ ដែលជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានជីករួច ជាមួយនឹងការកែលម្អប្រឡាយចាស់ៗមួយចំនួនឱ្យបន្ស៊ីគ្នាជាមួយនឹងប្រឡាយថ្មី។ ចុះមើលប្រឡាយជើងឯក មើលផ្លូវឆ្លងកាត់មួយចំនួន ដើម្បីកែតម្រូវឱ្យត្រូវតាមស្តង់ដារបច្ចេកទេស។ ពិនិត្យមើលប្រឡាយតាហោ ដែលប្រឡាយតាហោនេះ ពីដើមឡើយជាប្រឡាយស្រោចស្រប តែពេលនេះបានកែប្រែក្លាយទៅជាប្រឡាយរំដោះទឹកវិញ។ដោយសារតែប្រជាពលរដ្ឋមករស់នៅតំបន់នេះកាន់តែច្រើន។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រឡាយតាហោមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីផ្លូវជាតិលេខ៤ ពិសេសពីតំបន់ជម្ពូវ័ន ភ្ជាប់ទៅប្រឡាយលូថ្មី ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំឱ្យទឹកហូរចូលមករាជធានីភ្នំពេញ ដោយបង្វែរមុខទឹក ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្ទឹងព្រែកត្នោតតែម្តង។ ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងដាក់លូប្រអប់ខ្នាតធំ ដោយតភ្ជាប់ពីប្រឡាយជើងឯក មកប្រឡាយតាហោ ដោយកាត់ពីក្រោមផ្លូវរថភ្លើង៕

