កិច្ចសហប្រតិបត្តិការឧស្សាហកម្មចិន-កម្ពុជា ឈានដល់ដំណាក់កាលថ្មីមួយទៀត
“កម្មពិធីជប់លៀងផ្លាស់ប្តូរឧស្សាហកម្មចិននៅក្រៅប្រទេស “ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅទីក្រុងសៀងហៃនាថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដឺកនាំរៀបចំនូវកម្មវិធីនេះ ដោយមានអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រុមហ៊ុន LYP និងធនាគារចិនសាខារាជធានីភ្នំពេញសហការរៀបចំឡើង ដែលបានទាក់ទាញសហគ្រិនចិន និងនាយកប្រតិបត្តិផលិតកម្មចិនជាង ៨០ នាក់ឱ្យមកជួបជុំគ្នា និងធ្វើសក្ខីភាពរួមគ្នាពីសក្តានុពលដ៏រឹងមាំរបស់កម្ពុជាក្នុងការអនុវត្តការផ្លាស់ប្តូរឧស្សាហកម្មជុំថ្មី ក៏ជាការបង្ហាញពីដំណាក់កាលថ្មីមួយទៀតនៅក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្មកម្ពុជា-ចិនផងដែរ។

កម្ពុជាតែងតែចាត់ទុកចិនជាដៃគូសហប្រតិបត្តិការសំខាន់ ចិនបានក្លាយជាដៃគូពាណិជ្ជកម្ម និងប្រភពទុនវិនិយោគធំជាងគេបំផុតរបស់កម្ពុជាអស់រយៈពេល ១៣ ឆ្នាំជាប់គ្នា។ នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ២០,៧% ការវិនិយោគរបស់សហគ្រាសចិនបានគ្របដណ្តប់លើវិស័យជាច្រើន រួមមានហេដ្ឋារចនាសម្ព័ន្ធ ថាមពល ផលិតកម្ម និងសេដ្ឋកិច្ចឌីជីថល។ ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការ«ត្បូងពេជ្រ» ប្រទេសទាំងពីររួមគ្នាបង្កើត“ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងអង្ករ“ ដោយបន្តពង្រឹង និងពង្រីកទំនាក់ទំនងចិន-កម្ពុជា ដែលបានបង្កើតកម្លាំងចលករជំរុញដ៏មានឥទ្ធិពលសម្រាប់ការធ្វើអាជីវកម្ម និងការធ្វើទំនើបកម្មកសិ-ឧស្សាហកម្មនៃកម្ពុជា ហើយក៏បានផ្តល់នូវវិសាលភាពដ៏ធំធេងសម្រាប់សហគ្រាសចិនមកវិនិយោគនៅកម្ពុជា។
កម្មពិធីជប់លៀងនេះ គឺផ្តោតលើគម្រោងអនុវត្តសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់ (III) ដែលដឹកនាំដោយរដ្ឋាភិបាលកម្ពុជា ហើយមានគោលបំណងបង្កើនល្បឿនការធ្វើឱ្យទំនើបកម្មឧស្សាហកម្ម ទាក់ទាញរោងចក្រផលិតកម្មពីមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់មកកាន់ប្រទេសកម្ពុជា។ តាមរយៈគោលនយោបាយវិនិយោគបើកចំហ កម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ និងយន្តការសេវាកម្មច្រកចេញចូលតែមួយ(OSS) នឹងធ្វើឲ្យបរិយាកាសវិនិយោគមានប្រសិទ្ធភាពជាងមុន។ ខេត្តព្រះសីហនុរបស់កម្ពុជាត្រូវបានផ្សព្វផ្សាយជាតំបន់ផ្តោតសំខាន់នៅក្នុងកម្មពិធីជប់លៀងនេះ បានកំពុងពន្លឿនការអភិវឌ្ឍរបស់ខ្លួនស្របតាមផែនការរួមសម្រាប់ខេត្តជាប់ឆ្នេរសមុទ្រ ហើយប្តេជ្ញាក្លាយជាច្រកទ្វារឧស្សាហកម្ម និងភស្តុភារកម្មនាពេលអនាគតរបស់កម្ពុជា។ ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍អ្នកវិនិយោគចិនយ៉ាងកក់ក្តៅឱ្យទៅសិក្សាស្រាវជ្រាវនៅខេត្តព្រះសីហនុ ដោយលោកបាននិយាយថា រដ្ឋាភិបាលកម្ពុជាកំពុងបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ បង្កើតបរិយាកាសវិនិយោគដែលមានតម្លាភាព មានប្រសិទ្ធភាព និងជួយដល់អ្នកវិនិយោគ ដើម្បីដាក់គ្រឹះរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង និងកំណើនឧស្សាហកម្មប្រកបដោយចីរភាព។
នៅក្នុងកម្មពិធីអាហារពេលល្ងាចនោះដែរ តំណាងមកពីឧស្សាហកម្មសំខាន់ៗដូចជា គ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត និងការកែច្នៃផលិតផលកសិកម្ម បានជួបជុំគ្នាដើម្បីពិភាក្សាអំពីឱកាសថ្មីៗសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម និងកិច្ចសហការខ្សែសង្វាក់ផ្គត់ផ្គង់។ បន្ទាប់ពីកម្មវិធីនេះ ក្រុមហ៊ុនចិនជាច្រើនបានរៀបចំកិច្ចប្រជុំជាមួយគណៈប្រតិភូកម្ពុជា ដែលបង្ហាញពីចំណាប់អារម្មណ៍វិនិយោគយ៉ាងខ្លាំង ភាគីដែលបានពិភាក្សាការងារ រួមមានក្រុមហ៊ុន Tri-Wall Group ក្រុមហ៊ុន Royal Group Co.,Ltd. ក្រុមហ៊ុន Shanghai Enskai Investment (Group) Co., Ltd. និងក្រុមហ៊ុន Zhong Ang Technology Co., Ltd.។ល។ ដែលគ្របដណ្តប់លើវិស័យដូចជា ការវេចខ្ចប់ និងភស្តុភារកម្មក្នុងឧស្សាហកម្មរថយន្ត ការកែច្នៃទឹកដោះគោក្របី ការវិនិយោគឧស្សាហកម្មរថយន្ត និងការផលិតត្រីចក្រយានយន្ត។ លើសពីនេះ គណៈប្រតិភូបានទៅទស្សនាក្រុមហ៊ុន BYD Co., Ltd. ក្នុងទីក្រុង សិនជិន ហើយបានពិភាក្សាស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាការផ្គុំរថយន្តអគ្គិសនី ការទទួលយកថ្មអាគុយមកវិញ និងការផលិតគ្រឿងបន្លាស់។ ដំណើរទស្សនកិច្ច និងចំណាប់អារម្មណ៍សហប្រតិបត្តិការទាំងនេះស្របគ្នានឹង«គោលនយោបាយអភិវឌ្ឍន៍រថយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០» របស់កម្ពុជា ដែលមានគោលបំណងទាក់ទាញការវិនិយោគបៃតងដែលមានគុណភាពខ្ពស់ និងប្រកបដោយចីរភាព។
កិច្ចសហប្រតិបត្តិការឧស្សាហកម្មកាន់តែស៊ីជម្រៅរវាងចិន និងកម្ពុជា មិនត្រឹមតែនាំមកនូវដើមទុន បច្ចេកវិទ្យា និងបទពិសោធន៍គ្រប់គ្រងសម្រាប់កម្ពុជា ជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មក្នុងតំបន់ បង្កើតឱកាសការងារច្រើន និងកែលម្អជីវភាពរស់នៅប្រជាជនប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវឱកាសសម្រាប់សហគ្រាសចិនពង្រីកទីផ្សារក្រៅប្រទេស លើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងវប្បធម៌ ហើយពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ និន្នាការនៃឯកតោភាគីនិយម និងការការពារនិយមទូទាំងពិភពលោកជាសកល ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងចិន និងកម្ពុជា ក៏ជួយរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគីដ៏យុត្តិធម៌ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងរួមចំណែកជាវិជ្ជមានដល់ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចក្នុងតំបន់។
បើតាមទស្សនៈម៉ាក្រូវិញ ការរលើកកម្ពស់ជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងចិន និងកម្ពុជា គឺជាគំរូដ៏ល្អមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។ ជាមួយនឹងការលើកកម្ពស់យ៉ាងសកម្មនៃការផ្តួចផ្តើមគំនិត”ខ្សែក្រវាត់មួយ ផ្លូវមួយ” និងការចូលជាធរមាននៃកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ការសហប្រតិបត្តិការរវាងចិន និងប្រទេសអាស៊ានក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគត្រូវបានពង្រឹងជាបន្តបន្ទាប់។ ខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃរបស់ភាគីទាំងពីរកំពុងធ្វើសមាហរណកម្ម និងបំពេញបន្ថែមពីគ្នា ហើយកសាងសហគមន៍វាសនារួមកាន់តែជិតស្និទ្ធបន្ថែមទៀត។ នាពេលអនាគត ការសហប្រតិបត្តិការឧស្សាហកម្មរវាងចិន និងកម្ពុជានៅតែមានសក្តានុពលដ៏ធំទូលាយ និងវិសាលភាពធំធេង ភាគីទាំងពីរសង្ឃឹមថានឹងពង្រីកការសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យថ្មីៗ ដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចសមុទ្រ ព្រមទាំងសម្រេចបាននូវអត្ថប្រយោជន៍ទៅវិញទៅមក លទ្ធផលឈ្នះ-ឈ្នះ និងការអភិវឌ្ឍរួមនៅក្នុងកម្រិតខ្ពស់ជាងមុន៕
