កម្ពុជា-ថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៅថ្ងៃទី៨ ខែវិច្ឆិកា

កម្ពុជា និងថៃនឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាពេលខាងមុខនេះស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៉ីង មេបញ្ជាការកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

 

- Advertise -

ភាគីទាំងពីរបានអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី១ នៃដំណាក់កាលទី១ ដោយជោគជ័យនៅក្រោមការសង្កេត និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃដើម្បីធានាថា ផែនការសកម្មភាពនេះនឹងត្រូវបានអនុវត្តឱ្យបានពេញលេញ ត្រឹមត្រូវ មានប្រសិទ្ធភាព និងប្រកបដោយតម្លាភាព។

សូមរំឭកថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) និងឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១នេះ ត្រូវធ្វើឡើងចំនួន ០៣ (បី) លើក គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥៕

你可能还喜欢