សណ្ឋាគារផ្កាយ៤ នឹងលេចរូបរាងឡើងនៅមាត់បឹងតាកែវ នៅពេលខាងមុខឆាប់ៗនេះ ក្រោមទុនវិនិយោគរបស់ជនជាតិចិន
នៅក្នុងឱកាសអញ្ជើញចូលរួម នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ សមាជិកក្រុមប្រឹក្សាខេត្ត ពីកិច្ចប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បរទេស និងអ្នកវិនិយោគ ឲ្យចូលមកបណ្ដាក់ទុន នៅក្នុងខេត្តតាកែវ ដើម្បីបង្កើតការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅពេលខាងមុខនេះ សណ្ឋាគារកម្រិតផ្កាយ៤មួយ នឹងត្រូវអ្នកវិនិយោគទុនចិន ចូលមកបណ្ដាក់ទុនសាងសង់ នៅមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ។
អភិបាលខេត្តតាកែវ បានបន្តថា នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសចិនថ្មីៗកន្លងទៅនេះ លោកបានជួបជាមួយសមាគមអ្នកវិនិយោគចិន និងប្រធានសមាគមទេសចរណ៍ចិន ដោយបានប្រាប់ក្រុមអ្នកវិនិយោគចិន ពីសក្ដានុពលដ៍សម្បូរបែបរបស់ខេត្តតាកែវ ជាពិសេសភាពងាយស្រួល ក្នុងការធ្វើដំណើរដោយខេត្តតាកែវ មានហេដ្ធារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ក៏ប៉ុន្តែអ្វីមួយដែលយើងមិនទាន់មាន គឺសណ្ឋាគារកម្រិតស្តង់ដារ និងម្ហូបអាហារបរទេសសម្រាប់ទទួលភ្ញៀវទេសចរណ៍បរទេសស្នាក់នៅ។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា «នៅពេលខាងមុខនេះ នឹងមានក្រុមហ៊ុនចិនមួយ ចុះមកសិក្សាគម្រោងសាងសង់សណ្ឋាគារផ្កាយ៤ មានកម្ពស់៦ជាន់ នៅមាត់បឹងតាកែវ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តតាកែវ សម្រាប់ស្នាក់នៅ»។
អភិបាលខេត្តតាកែវ បានសម្ដែងក្ដីសង្ឃឹមថា ក្រោយសណ្ឋាគារកម្រិតផ្កាយ៤ លេចរូបរាងនៅក្នុងខេត្តតាកែវ វានិងជួយលើកកម្ពស់ដល់វិស័យទេសចរណ៍របស់ខេត្ត ឲ្យកាន់តែល្អប្រសើរថែមមួយកម្រឹតទៀត ជាក់ជាពុំខាន៕

