កិច្ចអន្តរាគមន៍ឆ្លើយតបកង្វល់ប្រជាកសិករយ៉ាងទាន់ពេលវេលានិងមានប្រសិទ្ធភាព
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញមុខអន្តរាគមន៍ដោយមិនរួញរានិងមិនស្ទាក់ស្ទើរ ដើម្បីដោះស្រាយទុក្ខកង្វល់របស់កសិករនារដូវច្រូតកាត់ឆ្នាំ២០២៥នេះ។
រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកា៤០លានដុល្លារតាមរយៈធនាគារអភិវឌ្ឍន៍ជនបទដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ តាមរូបភាពផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។

នេះមិនមែនជាលើកទីមួយនោះទេ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញមុខអន្តរាគមន៍ ដោយប្រញាប់ប្រញាល់ដូចនេះ ដើម្បីដោះស្រាយទុក្ខកង្វល់របស់ កសិករនារដូវច្រូតកាត់កន្លងមក ដែលរងផលប៉ះពាល់ដោយសារទីផ្សារអង្ករអន្តរជាតិមាននិន្នាការធ្លាក់ចុះ។ ចាប់តាំងពីឆ្នាំ២០១៦មក សម្តេចតេជោបានប្រកាសអំពីវិធានការ ជួយអន្តរាគមន៍ លើកតម្លៃស្រូវរបស់កសិករ ក្នុងនោះរួមទាំងការបញ្ចេញថវិកាលើកដំបូងចំនួន២០លានដុល្លារ។
សូមរម្លឹកថា កិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលនេះ បានធ្វើឡើងចំនួន៥លើកហើយរួមទាំងលើកនេះ ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ ដែលលើកទី១ ចំនួន២៨,៥លានដុល្លារ, លើកទី២ ចំនួន៤០លានដុល្លារក្នុងឆ្នាំ២០២៤, លើកទី៣ ចំនួន៣០លានដុល្លារនៅដើមឆ្នាំ២០២៥ និងលើកទី៤ ចំនួន២០លានដុល្លារក្នុងរដូវប្រមូលផលចាប់ពីខែសីហាកន្លងមកនេះ។ ចំណែកនេះជាលើកទី៥ មានចំនួន៤០លានដុល្លារអាមេរិកក្នុងការប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា រយះពេល៣ថ្ងៃដំបូង គិតត្រឹមថ្ងៃទី៨វិច្ឆិកា កិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលបានធ្វើអោយរោងម៉ាស៊ីនកិនស្រូវធំៗចំនួន២៩ បានប្រមូលទិញស្រូវសើមភ្លាមៗពីកសិករនៅតាមវាលស្រែបានចំនួនជិត៤ម៉ឺនតោនដែលជួយ មិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ៕
