ពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ដែលមិនធ្លាប់មានពីមុនមក នឹងលេចរូបរាងឡើងជាមួយកសិផលយុទ្ធសាស្រ្ត ៩មុខ
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៥ និងមិនធ្លាប់មានពីមុនមកនោះទេ។ ពិព័រណ៍នេះ ជាគំនិតផ្ដួចផ្ដើមរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងសំខាន់គឺបើកឱកាសដល់តួអង្គក្នុងខ្សែច្រវាក់តម្លៃ ជួបជជែកគ្នាពីបញ្ហាប្រឈម ឈានទៅរកដំណោះស្រាយដ៏ល្អប្រសើរមួយ។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។

ស្ដង់ប្រមាណជា ៤០០ នឹងដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ ដូចជាអង្ករ, ស្វាយចន្ទី, ម្រេច, បន្លែ, ត្រី, ដំឡូងមី, កៅស៊ូ, ឈើ និងស្វាយ ដោយបង្ហាញនូវផលិតផលសម្រេចជាច្រើនប្រភេទចេញពីកសិផលទាំងនេះ។ បន្ថែមពីនេះ ពុកម៉ែបងប្អូន ក៏អាចសាកល្បងនូវសម្ភារបរិក្ខារកសិកម្មជាច្រើនផ្សេងទៀត ដូចជាត្រាក់ទ័រ ដ្រូនកសិកម្មជាអាទិ៍ នៅទីតាំងកម្មវិធីផ្ទាល់ផងដែរ។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា វេទិកា និងពិព័រណ៍នេះ ផ្ដល់ឱកាសឱ្យអ្នកចូលរួមអាចជួបផ្ទាល់ជាមួយតួអង្គពាក់ព័ន្ធក្នុងខ្សែចង្វាក់តម្លៃផងដែរ។ ពិធីនេះ គ្រោងនឹងអញ្ជើញកសិករប្រមាណជាង ៨០០០នាក់ ដើម្បីមកចូលរួមដោយផ្ទាល់ ឱ្យពួកគាត់បានមើលឃើញពីសមិទ្ធផលដែលកើតចេញពីកសិផលស្រស់ ទៅជាផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេច។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា ស្របពេលដែលប្រជាពលរដ្ឋខ្មែរកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុក, ព្រឹត្តិការណ៍ CAFE25 មិនត្រឹមតែដាក់បង្ហាញនូវអ្វីដែលកម្ពុជាមាននោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដែលបំពេញបន្ថែមលើព្រឹត្តិការណ៍ដែលយើងធ្លាប់មានកន្លងមក ដែលយើងនឹងលើកយកមកជជែកគ្នាពីអ្វីដែលយើងមិនទាន់មាននៅឡើយ ដោយនឹងជជែកពីសក្ដានុពល និងបញ្ហាប្រឈម។
លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា ការយកមកបង្ហាញនូវកសិផលចំនួន ៩មុខ ដែលជាកសិផលសក្ដានុពល និងជាកសិផលយុទ្ធសាស្រ្ត ដែលយើងស្គាល់ច្បាស់ ហើយមានតួអង្គគ្រប់គ្រាន់ក្នុងខ្សែច្រវាក់តម្លៃទាំងមូល ដើម្បីអនុញ្ញាតឱ្យវិស័យកសិកម្មរបស់យើង ចាប់យកសក្ដានុពល ហើយដែលមានគុណតម្លៃជាតម្លៃបន្ថែមច្រើន។

