សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអ៊ូឌីត នឹងដឹកនាំពាណិជ្ជករធំៗរបស់ខ្លួនមកកម្ពុជា ដើម្បីពិនិត្យសក្តានុពលទេសចរណ៍

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយលោក Hassan Al-Huwaizy ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត និងសហការីជាពាណិជ្ជករធំៗ ពីស្ថានភាពពិតនៃនយោបាយ សេដ្ឋកិច្ច សង្គម សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ យន្តការលើកទឹកចិត្តដល់វិនិយោគិន ព្រមទាំងបទដ្ឋានគតិយុត្តក្នុងការវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

ជំនួបនេះបានធ្វើឡើង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឱកាសដែលលោក ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism – 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។

- Advertise -

បន្ទាប់ពីជំនួបពិភាក្សាការងារ លោកប្រធានក្រុមប្រឹក្សា បានជម្រាបពីគោលបំណង និងការចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបដែលជាទីផ្សារទើបនឹងរះ និងកាលានុវត្តន៍ភាព វិនិយោគដ៏ល្អរបស់កម្ពុជា ដោយបានជម្រាបជូន លោករដ្ឋមន្រី្ត ពីការត្រៀមរៀបចំដឹកនាំគណៈប្រតិភូជាពាណិជ្ជករធំៗ ពីគ្រប់វិស័យ និងផ្នែកដែលជាសមាជិករបស់សហព័ន្ធ ទៅពិនិត្យ និងស្វែងយល់ផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា ខែធ្នូខាងមុខនេះ។

សូមបញ្ជាក់ថា សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត គឺជាឆ័ត្រ និងជាតំណាងស្របច្បាប់តែមួយគត់របស់សហគមន៍ធុរកិច្ចអារ៉ាប៊ីសាអូឌីត សម្រាប់គ្រប់ក្រុម គ្រប់វិស័យ និងតំបន់ផ្សេងៗរបស់ខ្លួន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕

 

你可能还喜欢