ប្រទេសចិនសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា និងថៃ អាចអនុវត្តការអត់ធ្មត់ ធ្វើការក្នុងទិសដៅតែមួយ និងពិភាក្សាក្នុងនាមជាមិត្ត
«ប្រទេសចិនបានកត់សម្គាល់ការវិវឌ្ឍ និង បញ្ហាថ្មីៗមួយចំនួនក្នុងអំឡុងពេលនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម រវាងប្រទេស ថៃ និងកម្ពុជា»។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឆ្លើយតបនឹងសំណួររបស់ទូរទស្សន៍ស៊ិនជិន ពាក់ព័ន្ធនឹងស្ថានភាពថ្មីៗនេះ ជាពិសេសបន្ទាប់ពីការដែលទាហានថៃ បានបាញ់ប្រហារនៅខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ហើយបណ្ដាលឲ្យមានជន ស៊ីវិលកម្ពុជា រងរបួស និងស្លាប់ នោះ លោក Lin Jian បានមានប្រសាសន៍បន្ថែមថា៖ «ក្នុងនាមជាមិត្តភ័ក្តិ និងអ្នកជិតខាងរបស់ប្រទេសទាំងពីរ ចិនសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរអាចអនុវត្តការអត់ធ្មត់ ធ្វើការក្នុងទិសដៅតែមួយ អនុវត្តការពិភាក្សាគ្នាក្នុងនាមជាមិត្តតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងស្វែងរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងទប់ស្កាត់ការកើនឡើងនៃភាពតានតឹងណាមួយ»។
លោកបានបន្ថែមថា ប្រទេសចិននឹងបន្តដើរតួនាទីក្នុងន័យស្ថាបនាក្នុងការកាត់បន្ថយភាពតានតឹងតាមវិធីសាស្រ្តរបស់ចិនផ្ទាល់៕
