មេគយកម្ពុជា បកស្រាយចម្ងល់ពលរដ្ឋជុំវិញការពហិការផលិតផលថៃ តែទំនិញថៃនៅតែមានការនាំចូលកម្ពុជា
លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបកស្រាយចំពោះចម្ងល់ពលរដ្ឋ ទាក់ទងនឹងការហូរចូលទំនិញថៃមកកម្ពុជា ជាបន្តបន្ទាប់ បើទោះបីជាពលរដ្ឋកម្ពុជាកំពុងធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ។
ការលើកឡើងរបស់លោកបណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងវេទិកាគយកម្ពុជា លើកទី៣ ដែលរៀបចំដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
លោកបានពន្យល់ថា ការអនុញ្ញាតឱ្យទំនិញថៃបន្តនាំចូលមកកម្ពុជា គឺអគ្គនាយកដ្ឋានគយ អនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងនាមជាស្ថានប័នរបស់រដ្ឋ ដោយមិនធ្វើទៅតាមអារម្មណ៍ដូចមតិលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុកឡើយ ព្រោះកម្ពុជា គឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងជាសមាជិកអាស៊ាន។
លោកបានគូសបញ្ជាក់ថា សម្រាប់ទំនិញដែលជាប់បំរាមមិនឱ្យនាំចូលដែលរដ្ឋាភិបាលកំណត់កាលពីពេលកន្លងមក អគ្គនាយកដ្ឋានគយ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយមិនអនុញ្ញាតឱ្យនាំចូលឡើយ។ ដោយឡែកទំនិញដែលមិនជាប់បម្រាម អាជីវករនៅតែអាចនាំចូលបាន។
លោកបានបញ្ជាក់ថា សម្រាប់ទំនិញអាចបន្តនាំចូលកម្ពុជាបានច្រើន ឬតិច គឺអាស្រ័យទៅលើអ្នកប្រើប្រាស់។ ប្រសិនបើអ្នកទិញមិនទិញ ឬកាត់បន្ថយការទិញឱ្យកាន់តែតិចទៅៗ នោះអ្នកលក់ក៏អាចនឹងកាត់បន្ថយការយកមកលក់ដែរ។
លោកបានលើកឡើងយ៉ាងដូច្នេះថា «អ្នកប្រើប្រាស់ ទិញឬមិនទិញ មិនមែនមានអនុក្រឹត្យ ឬប្រកាសណាបង្ខំឱ្យទិញ ឬមិនទិញនោះទេ។ ប៉ុន្តែនេះជាស្មារតី ជាមនសិការទេ អ៊ីចឹងហើយវាខុសគ្នា អំពីគោលការណ៍ ស្មារតី មនសិការ។ ពេលខ្លះអ្នកដែលមិនយល់មកដាក់បន្ទុក ឬស្តីបន្ទោស មានអ្នកខ្លះរហូតដល់ដាក់បណ្តាសារមន្រ្តីគយទៀត ថាហេតុអ្វីបានឱ្យទំនិញចូលមក?»។
សូមជម្រាបថា បន្ទាប់ពីកើតមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កាលពីខែមិថុនា រដ្ឋាភិបាលបានដាក់បម្រាមមិនឱ្យនាំចូលទំនិញមួយចំនួនមកកម្ពុជា។ ទំនិញ មានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាម នាំចូលមកកម្ពុជា រួមមានបន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលមានដូចជា៖
១៖ ប្រេងសាំង (Gasoline)
២៖ ប្រេងម៉ាស៊ូត (Diesel)
៣៖ ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)
៤៖ ប្រេងខ្មៅ (Fuel oil) និង
៥៖ ប្រេងសាំងយន្តហោះ (Jet-A1)។
ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញ ខាងលើ មិនមែនជាកម្មវត្ថុ នៃការហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតា៕

