កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ រួមគ្នាស្ថាបនាផែនការអភិវឌ្ឍថ្មីក្នុងតំបន់

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia​) នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មនៃប្រទេសចិន(COMAC) ហើយដំណើរទស្សនកិច្ចនេះទទួលបានសមិទ្ធផលយុទ្ធសាស្ត្រដ៏សំខាន់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានកម្ពុជានាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាបានប្រកាស នឹងដាក់បញ្ចូលយន្តហោះដែលផលិតដោយក្រុមហ៊ុន COMAC របស់ចិនប្រភេទ C909 ទៅក្នុងផែនការអាជីវកម្មរបស់ខ្លួន ដែលនឹងត្រូវចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ។ នេះ​គឺជា​ដំណាក់កាល​ថ្មី​មួយ​ក្នុង​កិច្ចសហប្រតិបត្តិការ​អាកាសចរណ៍​ស៊ីវិល​ចិន-កម្ពុជា និង​ចាក់​បញ្ចូល​កម្លាំង​ចលករ​ថ្មី​ទៅក្នុង​ការអភិវឌ្ឍ​អាកាសចរណ៍​ក្នុង​តំបន់។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងក្រុមហ៊ុន COMAC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (MOU) នៅទីក្រុង ឈិនចូវ (Zhengzhou) នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលគ្រោងទិញយន្តហោះ C909 ចំនួន ២០ គ្រឿង ក្នុងនោះ ១០ គ្រឿងជាការទិញជាក់លាក់ និង ១០ គ្រឿងទៀតជា “សិទ្ធិទិញ“ ដែលអាចអនុវត្តបាននាពេលក្រោយ។ ការមកដល់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ គឺមានគោលបំណងពន្លឿនការទទួលស្គាល់យន្តហោះ C909 អាចហោះហើរបាននៅកម្ពុជា ព្រមទាំងពិភាក្សាលម្អិតបច្ចេកទេសនៃការនាំចូលយន្តហោះនេះ។ ក្នុងអំឡុងពេលទស្សនកិច្ច ភាគីទាំងពីរបានធ្វើការពិភាក្សាស៊ីជម្រៅលើប្រធានបទផ្សេងៗ រួមមាន៖ ការជ្រើសរើសម៉ូដែលយន្តហោះ វិញ្ញាបនបត្រសុវត្ថិភាពហោះហើរ ការវាយតម្លៃសុវត្ថិភាព ការសាងសង់ប្រព័ន្ធថែទាំ និងការរៀបចំប្រតិបត្តិការពាណិជ្ជកម្ម។ បន្ថែមពីនេះទៀត គណៈប្រតិភូកម្ពុជាក៏បានទៅទស្សនា មជ្ឈមណ្ឌលសេវាកម្មអតិថិជន COMAC, វិទ្យាស្ថានស្រាវជ្រាវ និងរចនាយន្តហោះសៀងហៃ និងមជ្ឈមណ្ឌលផលិត និងឧបករណ៍។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន COMAC ក្នុងវិស័យផលិតយន្តហោះស៊ីវិលសកល និងមានទំនុកចិត្តយ៉ាងពេញទំហឹងចំពោះយន្តហោះដឹកអ្នកដំណើរដែលផលិតដោយប្រទេសចិន។ លោក ហឹរ ដុងហ្វេង(He Dongfeng) ប្រធានក្រុមហ៊ុន COMAC ក៏បានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុននឹងគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដោយជួយឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានេះក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេមួយនៅអាស៊ីអាគ្នេយ៍ដែលដាក់ឲ្យដំណើរការហោះហើរប្រភេទ C909 នេះ ហើយនឹងពង្រឹងបន្ថែមទៀតនូវអធិបតេយ្យភាពអាកាសចរណ៍ និងសមត្ថភាពឧស្សាហកម្មរបស់កម្ពុជា។

- Advertise -

កិច្ចសហប្រតិបត្តិការនេះ គឺជាធាតុផ្សំដ៏សំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន ហើយក៏ជាការគាំទ្រអាទិភាពនៃការអភិវឌ្ឍន៍រួមគ្នា ក្រោមគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ”  ក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និង《ចក្ខុវិស័យអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាឆ្នាំ ២០៣០》។ ការដាក់ឲ្យប្រើប្រាស់យន្តហោះដឹកអ្នកដំណើរ C909 នឹងលើកកម្ពស់ការគាំទ្រដល់ការធ្វើទំនើបកម្មយន្តហោះ បង្កើនសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់កម្ពុជា និងជួយឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជាអភិវឌ្ឍន៍ក្នុងទិសដៅកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព បៃតង និងមាននិរន្តរភាព។

ក្រុមហ៊ុន COMAC នឹងផ្តល់ជូនកម្ពុជានូវ «ប្រព័ន្ធគាំទ្រសេវាកម្មរួមបញ្ចូលគ្នា 6S» ដែលមានស្តង់ដារអន្តរជាតិ រួមមាន៖ ប្រព័ន្ធសេវាកម្ម, ការផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការ និងធានាដល់ការថែទាំគ្រប់ជ្រុងជ្រោយ, ការគាំទ្រផ្នែកផ្គត់ផ្គង់, ការផ្តល់សេវាឡូជីស្ទិក និងការផ្កត់ផ្គង់គ្រឿងបន្លាស់ប្រកបដោយប្រសិទ្ធភាព, ការគាំទ្រឯកទេស, ការគាំទ្រស្តង់ដា និងការគាំទ្រជំនាញជាដើម។ ទាំងនេះនឹងបង្កើនប្រសិទ្ធភាពនៃការពឹងផ្អែកលើខ្លួនឯងរបស់កម្ពុជាក្នុងប្រតិបត្តិការ និងថែទាំយន្តហោះ ព្រមទាំងជំរុញការអភិវឌ្ឍបច្ចេកទេសអាកាសចរក្នុងស្រុក និងធនធានមនុស្ស។

បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ C909 ដាក់ឲ្យប្រើប្រាស់ វានឹងពង្រឹងការតភ្ជាប់ទៅកាន់ទីក្រុងលំដាប់ទី២ និងលំដាប់ទី៣ នៅប្រទេសចិន និងគោលដៅសំខាន់ៗនៅតំបន់អាស៊ីអាគ្នេយ៍ ពង្រីកការតភ្ជាប់ដឹកទំនិញតាមផ្លូវអាកាស និងអ្នកដំណើរទូទាំងពិភពលោក ជំរុញវិស័យទេសចរណ៍ និងការវិនិយោគអន្តរជាតិ បង្កើតការងារអាកាសចរណ៍ស៊ីវិលដែលមានតម្លៃខ្ពស់ គាំទ្រដល់អាកាសចរណ៍បៃតង និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងលើកកម្ពស់កិត្តិយសអាកាសចរណ៍កម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងវិស័យអាកាសចរណ៍ស៊ីវិលនេះ មិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងនឹងជំរុញបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់ ពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច ដោយចាក់បញ្ចូលសន្ទុះថ្មីទៅក្នុងសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នានៅក្នុងអនុតំបន់ឡានឆាង-មេគង្គ និងតំបន់ផ្សេងៗទៀត ហើយកិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាគំរូនៃភាពជោគជ័យមួយថ្មីទៀត សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាផងដែរ៕

你可能还喜欢