សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចប្រឆាំងដាច់ខាត ចំពោះសំណើរណាមួយ ដែលទៅសុំបើកព្រំដែនកម្ពុជា-ថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា តាំងពីថៃបិទព្រំដែនមក កម្ពុជាមិនដែលទៅសុំបើកទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។
អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ សម្តេច ប្រធានព្រឹទ្ធសភា បញ្ជាក់ថា សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើរណាមួយដែលទៅសុំបើកព្រំដែនកម្ពុជា-ថៃ ព្រោះរឿងនេះយើងបានដឹងគ្រប់គ្នាហើយ គឺថៃជាអ្នកបិទព្រំដែនដោយឯកតោភី។
ឆ្លៀតនាឱកាសនេះ សម្តេចតេជោ បានសម្រេចថា កម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការផលិតទំនិញសំរាប់ការផ្គត់ផ្គង់។
តាមសម្ដេចតេជោ ហ៊ុន សែន ទំហំពាណិជ្ជកម្មកម្ពុជា និងថៃភាគីទាំងពីរកំពុងតែលេងល្បែងចាញ់ចាញ់ដូចគ្នា ប៉ុន្ដែយើងលោតទាបធ្លាក់មកវិញក៏ឈឺតិចដែរ ខណៈដែលថៃលោតខ្លាំងធ្លាក់មកវិញក៏ឈឺខ្លាំងដែរ៕ (ក្រសួងព័ត៍មាន)
