ក្រសួងបរិស្ថានបញ្ជូនមន្រ្តីជំនាញចុះពិនិត្យ និងធ្វើការទប់ស្កាត់បន្ទាន់ការលេចធ្លាយប្រេងចេញពីទូរថភ្លើង
ក្រសួងបរិស្ថាន ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ បានចាត់ក្រុមការងារជំនាញសហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញពីទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថាករណីនេះកើតឡើង នៅវេលាម៉ោងប្រមាណ០៦:០០នាទី ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លើកំណាត់ផ្លូវដែក ចន្លោះគីឡូ១៩១-១៩២ ក្នុងភូមិសាស្ត្រភូមិដើមច្រេស ព្រំប្រទល់រវាងឃុំបឹងខ្នារ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងជំហានដំបូង ក្រុមការងាររកឃើញទូររថភ្លើងចំនួន៣ ត្រូវបានក្រឡាប់ និងលេចធ្លាយប្រេងចេញមកក្រៅ ចំនួន២ទូរ។ សូមបញ្ជាក់ថាទូរនីមួយមួយៗ បានដឹកប្រេងចំណុះ ៦៦០០០លីត។
ក្រុមការងារជំនាញ បាននិងកំពុងចុះពិនិត្យមើលទំហំ នៃការលេចធ្លាយ មានបរិមាណសំណល់ប្រេងអណ្តែតច្រើនលើទីវាលស្រែក្បែរលំនៅឋានរបស់ប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ។ សូមបញ្ជាក់ថាក្រោយមានឧទ្ទេវហេតុ ប្រជាពលរដ្ឋមួយចំនួនបាន និងកំពុងស្រង់ប្រេងយកទុកប្រើប្រាស់ផងដែរ៕

