យ៉ាងយូរបំផុតនៅ​ដើមឆ្នាំ២០២៦ កម្ពុជានឹងមានទីតាំងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី​ ពាសពេញប្រទេស

ខណៈនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា កើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា​ ​និងអគ្គិសនីកម្ពុជា បានដាក់ផែនការពង្រាយទីតាំងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី​នៅទូទាំងប្រទេស ដែលយ៉ាងយូរនៅដើមឆ្នាំ២០២៦ខាងមុខឆាប់ៗនេះ កម្ពុជានឹងមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី រាប់រយនៅទូទាំងប្រទេស។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានថ្លែងថា នៅ​ចុងឆ្នាំ២០២៥នេះ ឬយ៉ាងយូរបំផុតនៅខែមករា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជានឹងដាក់បន្ថែមទីតាំងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ៣០ស្ថានីយទៀតទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដោយក្នុងមួយខេត្តយ៉ាងហោចណាស់ នឹងមាន​មួយទីតាំង។ ហើយ​ដើមនៅឆ្នាំ២០២៦ កម្ពុជា​នឹងមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី​ នៅទូទាំងប្រទេសក្នុងមួយខេត្តមាន២ ទៅ៣ កន្លែងយ៉ាងតិច។

លោកបានកត់សម្គាល់ថា មកទល់ពេលនេះ មានស្ថាននីយមួយចំនួន មិនទាន់ស្របច្បាប់នោះទេ ដោយសារមិនទាន់មកសុំបានអាជ្ញាបណ្ណ ខណៈមកទល់ពេលនេះ អាជ្ញាធរទើបតែចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនបានចំនួន៤ ​ប៉ុណ្ណោះ។

- Advertise -

ដោយឡែកចំពោះតម្លៃនៃការសាកយានយន្តវិញ លោកបញ្ជាក់​ មិនអាចអនុវត្តលើសពីអ្វីដែលអាជ្ញាធរបានកំណត់ឡើយ។ ក្នុងករណី​​ដែលស្ថានីយដែលមានអាជ្ញាបណ្ណហើយអនុវត្តថ្លៃខុស នឹងត្រូវរងការពិន័យពីអាជ្ញាធរអគ្គិសនី ករណីខ្លះនឹងឈានទៅដល់ការដកអាជ្ញាបណ្ណ​។ អាជ្ញាធរអគ្គិសនីកម្ពុជានឹងបន្តតាមដានជាប់ជានិច្ចតាមរយៈ អ៊ែប (App) ជាតិ ដែលអាជ្ញាធរដាក់ឱ្យប្រើប្រាស់​ ដោយនៅលើអ៊ែបនេះបានកំណត់ថ្លៃយ៉ាងត្រឹមត្រូវ ប្រសិនបើស្ថានីយណា អនុវត្តខុសពីអ្វីដែលបានកំណត់ អាជ្ញាធរនឹងដឹងភ្លាម។

តម្លៃត្រូវបានអាជ្ញាធរអគ្គិសនីកម្ពុជាកំណត់ថា៖ ការបញ្ចូលថាមពលតាមចរន្តឆ្លាស់ (AC) តម្លៃ ១០៥០រៀល/kWh, ការបញ្ចូលថាមពលតាមចរន្តជាប់ (DC) ល្បឿនលឿន Fast Charge អានុភាពរហូតដល់ 250 kW តម្លៃ ១៣៥០រៀល/kWh និងការបញ្ចូលថាមពលតាមចរន្តជាប់(DC) ល្បឿនលឿនខ្លាំង Super-fast Charge អានុភាពលើសពី 250 kW ឡើង តម្លៃ១៤៥០រៀល//kWh។

យោងតាមក្រសួងសាធារណការ​ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧ ១៨៧គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧១០គ្រឿង៕    (FRESH NEWS)

你可能还喜欢