កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងបាវិត
ជនសង្ស័យចំនួន ៣០នាក់ ជាជនជាតិវៀតណាម ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែង ស្ថិតនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ២ស្ថិតនៅសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតសម្ភារៈជាវត្ថុតាង រួមមាន៖ កុំព្យូទ័រលើតុ (All in one) ចំនួន ១១៥គ្រឿង, កុំព្យូទ័រយួរដៃចំនួន ២គ្រឿង, ធុង PC ចំនួន១០គ្រឿង, ទូរសព្ទចំនួន ៧គ្រឿង, Monitor ចំនួន ១៥គ្រឿង និងទូ ទូរស័ព្ទ (Call Center) ចំនួន ១៦ទូ, លិខិតឆ្លងដែនចំនួន ៦ក្បាល។
ប្រតិបត្តិការនេះ ត្រូវបានដឹកនាំធ្វើថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យទាំងពីរ និងបានឈានដល់ការ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។
ក្នុងចំណោមជនសង្ស័យទាំងនោះ មាន២១នាក់ ជាមុខសញ្ញាចាស់ ដោយពួកគេបានធ្វើសកម្មភាព ឆបោកតាមរយៈរូបភាព លួងលោមឱ្យជនរងគ្រោះដាក់ទុនវិនិយោគលើគម្រោងផ្សេងៗ ដែលជាការវិនិយោគក្លែងក្លាយ និងតាមរូបភាពលួងលោមឱ្យជនរងគ្រោះ ដំឡើងកម្មវិធី ដើម្បីចូលគ្រប់គ្រងព័ត៌មានអត្តសញ្ញាណ និងគណនីធនាគាររបស់ជនរងគ្រោះ។ (ក្រសួងព័ត៍មាន)

