សម្តេចបវរធិបតី អរគុណប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យសំខាន់ៗដូចជា ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល ការងារ និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការទទួលយកពលករកម្ពុជាជាច្រើនទៅធ្វើការ នៅសាធារណរដ្ឋកូរ៉េនៅក្នុងលក្ខខណ្ឌល្អប្រសើរ និងជាទីទុកចិត្ត។ ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជាយ៉ាងដូច្នេះ ក្នុងពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្ដេចមហាបវរធិបតីបានមានប្រសាសន៍ថា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី២៨ នៃទំនាក់ទំនងការទូត ជាផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដោយសម្តេចនាយករដ្ឋមន្ត្រីបានរំលឹកឡើង វិញពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េ ដោយបានចាប់ផ្តើមកាលពីដំបូងឡើយនៅក្នុងទសវត្សទី៧០ តែបានបន្តិចក្រោយមកទំនាក់ទំនងនេះសឹងតែរលុបបាត់ទៅវិញដោយសារតែការឡើងកាន់អំណាចនៅកម្ពុជារបស់របបខ្មែរក្រហម ហើយក្រោយមកសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានខិតខំក្នុងការតភ្ជាប់ទំនាក់ទំនងការទូតជាមួយសាធារណកូរ៉េឡើងវិញប្រយោជន៍ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាតិទាំងពីរ។
សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់សាធារណរដ្ឋកូរ៉េក្នុងឆ្នាំកន្លងទៅនេះ ក៏បានជួយលើកកម្រិតនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលជាការបង្កើននូវថាមពលសម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការវិនិយោគ រួមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីការអភិវឌ្ឍនៅកម្ពុជា ដោយសម្តេចសូមយកឱកាសនេះ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានធ្វើជាមិត្តដ៏ល្អជាមួយកម្ពុជា ខណៈដែលអ្នកវិនិយោគកូរ៉េបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់នៅលើច្រើនវិស័យនៅកម្ពុជា ហើយសម្តេចក៏សង្ឃឹមថា កម្ពុជាក៏នឹងទទួលបានការមកបណ្តាក់ទុនថ្មីៗបន្ថែមទៀតពីអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េ ដើម្បីជាការរួមចំណែកដល់ការលើកកម្ពស់នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរផង និងដើម្បីរួមចំណែកដល់ភាពលូតលាស់ខាងផ្នែកសេដ្ឋកិច្ចនៅកម្ពុជាផង។
សូមជម្រាបជូនថា ក្នុងនាមជាមិត្តដ៏ស្និទ្ធស្នាល និងជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា កូរ៉េតែងតែបានជួយឧបត្ថម្ភ និងគាំទ្រកម្ពុជា ដោយបានផ្តល់នូវជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានជាបន្តបន្ទាប់សម្រាប់លើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ ដោយរួមទាំងការអភិវឌ្ឍនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងប្រព័ន្ធចម្លោះទឹកកខ្វក់ផងដែរ៕