សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ខណៈសម្តេចបំពេញបេសកកម្មនៅបរទេស
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមុខបំភ្លឺចំពោះការព្រួយបារម្ភរបស់ប្រជាពលរដ្ឋជុំវិញព័ត៌មាននៃការប៉ះទង្គិចប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញនៅតំបន់មុំបី និងការចល័តកម្លាំងយោធា។ សម្ដេចធិបតីបានអះអាងថា ស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រង ខណៈដែលលោកកំពុងបំពេញបេសកកម្មនៅប្រទេសជប៉ុន។
សម្ដេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាលោកមិនគង់នៅប្រទេសក៏ដោយ ក៏ប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំៗបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល។ រាល់ការវិវឌ្ឍន៍នៃសភាពការណ៍នៅតាមបណ្ដោយព្រំដែន ត្រូវបានរាយការណ៍ជូនលោកជាប្រចាំ តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក។
សម្ដេចធិបតីបានបន្ថែមថា លទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយសមភាគីថៃ ក្នុងគោលបំណងទប់ស្កាត់កុំឲ្យការប៉ះទង្គិចគ្នារីករាលដាល និងព្យាយាមឲ្យស្ថានការណ៍វិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់វិញ គឺត្រូវបានរាយការណ៍ជូនលោកទាំងអស់។ រាល់ការសម្រេចចិត្តសំខាន់ៗ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន គឺត្រូវទទួលបានការឯកភាព ឬបទបញ្ជាពីរូបលោកផ្ទាល់។
សម្ដេចធិបតីបានសង្កត់ធ្ងន់ថា លោកមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរឡើយ ព្រោះវាមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនទាំងពីរឡើយ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធផ្ទាល់នៅសមរភូមិមុខ។
សម្ដេចបានសម្តែងក្តីសង្ឃឹមថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃ នៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាម៉្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខនៃប្រទេសទាំងពីរ ដូចដែលធ្លាប់បានធ្វើកន្លងមក។
សម្ដេចធិបតីបានរំលឹកជាថ្មីថា កម្ពុជាគ្មានបំណងឈ្លានពានប្រទេសណាមួយឡើយ ហើយចង់ឲ្យការដោះស្រាយបញ្ហាព្រំដែនប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។ យ៉ាងណាមិញ កម្ពុជាក៏រក្សាសិទ្ធិក្នុងការប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។
ជាចុងក្រោយ សម្ដេចធិបតីបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ហើយសូមទប់ស្កាត់កុំឲ្យបញ្ហានេះរីកធំធាត់ក្លាយជាជម្លោះជាតិសាសន៍។ សម្ដេចបានសំណូមពរឲ្យប្រជាពលរដ្ឋផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់។
ប្រភព៖AKP