ធនាគារពិភពលោកទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ទៅត្រឹម ៤%
ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ — ធនាគារពិភពលោកជំរុញកម្ពុជាឱ្យប្រឹងប្រែងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប និងបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន វិនិយោគ និងបង្កើតការងារ ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ចនៅក្នុងបរិបទមិនប្រាកដប្រជានៃពិភពលោក ខណៈដែរបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម៤ភាគរយ ក្នុងឆ្នាំ២០២៥។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា «ពុះពារ ភាពមិនប្រាកដប្រជា» ដែលមានផ្នែកផ្តោតសំខាន់មួយក្រោមចំណងជើងថា «ការពង្រឹងចំណូលសម្រាប់ អនាគតកម្ពុជា» ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការនាំចេញដ៏ស្វាហាប់ និងការងើបឡើងវិញជាបណ្តើរៗនៃការប្រើប្រាស់ឯកជន បានរួមចំណែកច្រើនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារក្សាបានភាពធន់ ទោះបីជាមានភាពមិនប្រាកដប្រជាសកលកើនឡើងក៏ដោយ។ របាយការណ៍បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រឹម ៤,០% ក្នុង ឆ្នាំ២០២៥ និង ៤,៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមាន ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យ អចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន។
លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាថ្លែងថា៖ «ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ ចំពេលមានភាព មិនប្រាកដប្រជា ជាពិសេសដោយពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យហួសពីការពឹងផ្អែកលើវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់ និងជំរុញការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត»។
លោកស្រីបានបន្ថែមថា៖ «កំណែទម្រង់ប្រាក់ចំណូលអាចជួយគាំទ្រដល់ការធ្វើឱ្យបរិយាកាសអាជីវកម្មមាន ភាពកាន់តែប្រសើរឡើង ហើយបង្កើតលំហសារពើពន្ធមួយសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ»។
របាយការណ៍នេះបានលើកឡើងពីសារៈសំខាន់នៃកំណែទម្រង់ពន្ធដារ ដើម្បីជំរុញឱ្យបរិយាកាសធុរកិច្ចកាន់តែមានអំណោយផលដល់កំណើនសេដ្ឋកិច្ច ហើយស្របគ្នានោះ បង្កើតឱ្យមាន លំហសារពើពន្ធសម្រាប់ការវិនិយោគសំខាន់ៗ ទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ – ដែលជាគន្លឹះ សម្រាប់ឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
បន្ថែមពីនេះ ប្រភពដដែលបានលើកឡើងនូវទិដ្ឋភាពប្រទាក់ក្រឡាគ្នាបីយ៉ាង ដែលបញ្ជាក់ពីសារៈ សំខាន់នៃកំណែទម្រង់គ្រប់ជ្រុងជ្រោយ។ ទិដ្ឋភាពទាំងនោះមាន៖ ការកៀរគរធនធានឱ្យបានគ្រប់គ្រាន់ដើម្បីឆ្លើយតបសេចក្តីត្រូវការវិនិយោគអភិវឌ្ឍន៍សំខាន់ៗ, ការពង្រឹងបរិយាកាសធុរកិច្ចតាមរយៈប្រព័ន្ធពន្ធដារដែល មានប្រសិទ្ធផល និងអាចព្យាករបានកាន់តែល្អជាងបច្ចុប្បន្ន, និងការលើកកម្ពស់សមធម៌ដោយធានាឱ្យមានការ បែងចែកបន្ទុកពន្ធដារប្រកបដោយយុត្តិធម៌ និងការដោះស្រាយផលប៉ះពាល់សង្គម និងបរិស្ថាន។
គួរបញ្ជាក់ដែរថា ការនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់ បានកើនឡើង ១១,៦ភាគរយ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ សេវាកម្មទេសចរណ៍បានកើនឡើង ១៦,១ភាគរយ រីឯការប្រើប្រាស់ឯកជនបានងើបឡើងវិញ ដូចមានជាភស្តុតាងស្រាប់នូវការកើនឡើងនៃការនាំចូលទំនិញប្រើប្រាស់រួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ។
ពីខាងក្រៅវិញ ការកើនឡើងនៃប្រាក់បញ្ជូនពីបរទេស និងចំណូលពីទេសចរណ៍ បានជួយទូទាត់ប៉ះប៉ូវដល់ឱនភាពពាណិជ្ជកម្មដែលកំពុងកើនឡើងដែរ ដោយទុនបម្រុងបានកើនដល់ ២៤,៧ពាន់លានដុល្លារអាមេរិក។ កំណើនសាច់ប្រាក់កំពុងចរាចរណ៍បានកើនឡើងដល់ ១៩,០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារលក្ខខណ្ឌរូបិយវត្ថុមានអំណោយផល។ អតិផរណាបានកើនឡើងបន្តិចដល់ ៣,៧ភាគរយ ភាគច្រើនដោយសារតម្លៃអាហារក្នុងពេលដែលគុណភាពទ្រព្យសកម្មក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយកម្ចីមិនដំណើរការកើនសមាមាត្រកាន់តែខ្ពស់ជាងមុន៕