ឯកឧត្តម នេត្រ ភក្ត្រា ស្នើដល់សមាគមសារព័ត៌មានទាំងអស់នៅកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល លើការផ្សព្វផ្សាយព័ត៌មាន ឲ្យមានសណ្តាប់ល្អ មានប្រភពច្បាស់លាស់

សូមប្រយ័ត្នប្រយែងក្នុងដកស្រង់ប្រភពព័ត៌មានយកមកផ្សព្វផ្សាយ ស្ថិតក្នុងគ្រានៃការគ្រប់គ្រងព័ត៌មានក្នុងពេលមានវិបត្តិជម្លោះដែលព័ត៌មានពិត និងព័ត៌មានមិនពិតច្រើននៅក្នុងនោះ, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដែលកំពុងមានបញ្ហារឿងព្រំដែនរវាង កម្ពុជា-ថៃ អ្នកសារព័ត៌មានអាចដកស្រង់ប្រភពព័ត៌មានផ្លូវការយកទៅផ្សព្វផ្សាយបានគឺប្រភពពី រាជរដ្ឋាភិបាលកម្ពុជា, ប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា, និងសម្តេចធិបតីនាយករដ្ឋមន្ត្រី, ប្រភពពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ប្រភពពីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ការលើកឡើងរបស់ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាស អញ្ជើញជួបប្រជុំជាមួយសមាគមសារព័ត៌មាននៅកម្ពុជា ដើម្បីធ្វើការតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ការធានាសុចរិតភាព និងភាពត្រឹមត្រូវនៃព័ត៌មាន គឺជាការចាំបំផុតសម្រាប់អ្នកសារព័ត៌មាន ដែលត្រូវតែផ្តល់ព័ត៌មានបានត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងគួរឱ្យទុកចិត្ត ដើម្បីបង្កើនស្មារតីទុកចិត្តរបស់សាធារណជន។

ថ្នាក់ដឹកនាំខាងលើ បានស្នើដល់អ្នកសារព័ត៌មានសូមប្រកាន់នូវវិធានការ ការពារខ្លួននៅពេលចុះទៅយកព័ត៌មាននៅតំបន់សមរភូមិ ឬតំបន់ប្រឈម ហើយក្រសួងព័ត៌មាន នឹងផ្តល់អាវកាក់សារព័ត៌មានចំនួន ២ ៥០០អាវ ដើម្បីសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន និងសូមឲ្យពាក់កាតដែលចេញដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ។ តែទោះជាយ៉ាងណាក្តី អ្នកសារព័ត៌មានត្រូវយល់ដឹងឲ្យច្បាស់លាស់កុំចូលតំបន់ដែលមានការហាមឃាត់នៅទីតាំងឈរជើងរបស់កងទ័ព ដោយគ្មានការអនុញ្ញាតិ៕

អត្ថបទ៖ ទទក

你可能还喜欢