សម្ដេចតេជោ ហ៊ុន សែន ៖ មានតែចោរទេដែលខ្លាចតុលាការ បើយើងមានភាពបរិសុទ្ធ មិនត្រូវខ្លាចតុលាការទេ

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា កម្ពុជាបានជ្រើសរើសយកដំណោះស្រាយសន្ដិភាពតាមរយៈនៃការចរចា តាមរយៈនៃការអនុវត្ដច្បាប់ និងតាមរយៈនៃយន្ដការតុលាការ។ សម្ដេចតេជោបានគូសបញ្ជាក់ថា អ្នកណាក៏ដោយដែលគេចវេសពីតុលាការ មានន័យថា ខ្លួនមានពិរុទ្ធភាព និយាយតាមត្រង់មួយៗបែបគឺមានតែចោរទេដែលខ្លាចតុលាការ បើយើងមានភាពបរិសុទ្ធមិនត្រូវខ្លាចតុលាការទេ។ ការលើកឡើងរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភាបែបនេះ នាឱកាសនៃការថ្លែងសារពិសេសជូនជនរួមជាតិក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងនូវឧទាហរណ៍នៅក្នុងចំណោមប្រទេសអាស៊ានដែលជាគំរូយ៉ាងល្អបំផុតនោះគឺប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានដឹកដៃគ្នាទៅតុលាការ ហើយសិង្ហបុរី និងម៉ាឡេស៊ី ក៏បានដឹកដៃគ្នាទៅតុលាការ ដែលការដោះស្រាយបែបនេះគឺជាវិធីដោះស្រាយដែលធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសមួយៗចៀសផុតពីគំនាបពីមហាជន។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «រឿងរបស់រដ្ឋាភិបាលមួយៗមិនអាចចង្អុលថា ខ្ញុំដកថយ ខ្ញុំប្រគល់អានេះឱ្យអ្នកឯង មិនអាចទៅនិយាយអីចឹងបាននោះទេ។ ប៉ុន្ដែបើតុលាការកាត់ក្ដីមកគឺយើងទទួលការគោរពចំពោះសាលដីការតុលាការនេះ យើងពន្យល់ប្រជាពលរដ្ឋរបស់យើងថា តុលាការបានរកឃើញនូវចំណុចបែបនេះ។ អីចឹង យើងត្រូវតែលះបង់អាកន្លែងហ្នឹងទៅ។ អីចឹងវិធីនេះគឺពិតជាល្អ បើវ៉ៃគ្នាតើសាច់ឈាមអស់ប៉ុន្មាន»។

ជាមួយគ្នានេះ សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានអំពាវនាវដល់បណ្ដាប្រទេសដែលមិនចង់ឱ្យមានសង្គ្រាម ហើយចង់ឱ្យរកដំណោះស្រាយដោយសន្ដិវិធីគាំទ្រទៅដល់ដំណើរការដែលកម្ពុជានាំរឿងក្ដីនេះ ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ។ សម្ដេចតេជោបានបញ្ជាក់ផងដែរថា ព្រំដែនរវាងកម្ពុជា និងថៃ មានប្រវែងជាង៨០០គីឡូម៉ែត្រ ហើយកម្ពុជាយកតែ៤ចំណុចទេដែលរួមមាន៖ តំបន់មុំបី តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី យកទៅដោះស្រាយនៅតុលាការ ដោយបួនចំណុចនេះ យើងចាត់ទុកថា ដីស្មើនឹង ៥០គីឡូម៉ែត្រទៅចុះ ប៉ុន្ដែនៅសល់ជាង៧០០គីឡូម៉ែត្រជាងទៀតគឺយន្ដការទ្វេភាគី។ សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានជំរុញដល់ភាគីថៃសូមកុំខ្លាច ហ៊ានឡើងតុលាការ បើមានសុចរិតភាពគ្រប់គ្រាន់ ហើយបើមិនហ៊ានឡើងតុលាការនោះទេ គឺជាអ្នកខ្លាច ហើយអាចមានអាថ៌កំបាំងនយោបាយនៅពីក្រោយខ្នង។ សម្ដេចតេជោបានបន្ថែមថា៖«យើងមិនដកថយទេ ហើយខ្ញុំសង្ឃឹមថា មានតែយន្ដការនេះទេ ហើយយើងកុំខ្លាចបើយើងមានភាពសុចរិតគ្រប់គ្រាន់ យើងហ៊ានឡើងតុលាការ អ្នកដែលមិនហ៊ានឡើងតុលាការនោះទេគឺជាអ្នកដែលខ្លាច ហើយមានអាថ៌កំបាំងនយោបាយ ឬមានអាថ៌កំបាំងនៅពីក្រោយ»៕

ប្រភព៖ក្រសួងព័ត៍មាន

 

你可能还喜欢