សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា ប្រទេសស្រឡាញ់សន្តិភាពនៅលើពិភពលោកនឹងគាំទ្រកម្ពុជា ក្នុងការប្រើយន្តការច្បាប់អន្តរជាតិ ដោះស្រាយវិវាទព្រំដែនជាមួយថៃ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងសារពិសេសមួយ មុនឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដោយអំពាវនាវដល់ប្រទេសនានា ដែលស្រឡាញ់សន្តិភាព ហើយស្អប់សង្គ្រាម ជួយគាំទ្រការប្តឹងរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ប្រឆាំងកងទ័ពថៃ ដែលបានទន្ទ្រានៅតំបន់ខេត្តព្រះវិហារ។

ការអំពាវនាវនេះបានធ្វើឡើងខណៈកម្ពុជាទើបបានបញ្ជូនលិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃទី១៥មិថុនា ម្សិលមិញនេះ គាប់ជួនថ្ងៃទី១៥មិថុនានេះ កាលពី៦៣ឆ្នាំមុន តុលាការនេះធ្លាប់បានផ្តល់យុត្តិធម៌ចំពោះកម្ពុជា ទាក់ទងប្រាសាទព្រះវិហារ។

សូមបញ្ជាក់ថា មុនដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិនេះ កម្ពុជាបានស្នើសុំតាមរយៈការទូតអោយ ភាគីថៃចូលរួមសហការ ប៉ុន្តែមិនមានការឆ្លើយតបទេរហូតមកដល់ពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញហេតុផលដែលកម្ពុជាយករឿងជំលោះតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីនេះ ទៅតុលាការយុត្តិធម៌អន្តរជាតិគឺដោយសារភាគី ទាំង២មិនអាចចុះសំរុងគ្នាបាន ។ ដូចនេះជំរើសរបស់យើងត្រូវរកជំរើសសន្តិភាពនិងជំរើសនៃការអនុវត្តច្បាប់អន្តរជាតិសន្តិភាព។ ទាំង២នេះសុទ្ធតែសន្តិភាពទាំងអស់។យន្តការទ្វេភាគីនៃការចចារក៏សន្តិភាព។ យន្តការចូលទៅតុលាការក៏សន្តិភាព។មិនមែនបានសេចក្តីថាការបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ជាការបង្កសង្រ្គាម ឬបង្កើតសង្រ្គាមទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមែនខ្វះអាវុធ ឬខ្វះកម្លាំងដើម្បីវាយគ្នានោះទេ។ តែកម្ពុជាមិនចង់វាយគ្នាទេ។កម្ពុជាបញ្ជាក់ពីឆន្ទះរបស់ខ្លួនថា យើងមានកម្លាំងទប់ទល់ចំពោះយថាហេតុទាំងអស់ ប៉ុន្តែកម្ពុជាមិនចង់វាយអ្នកណាទាំងអស់។​ យើងប្រកាន់យកអោយឥរិយាបទការអនុវត្តគោលនយោបាយការបរទេសផ្អែកលើច្បាប់ដែលក្នុងនោះដោះស្រាយដោយសន្តិវិធី មិនប្រើកម្លាំងឬមិនគំរាមប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋាភិបាលណាមួយ ដើម្បីដោះស្រាយជំលោះនោះទេ។

ខណៈបានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិនេះ សម្តេចតេជោ បានប្រកាសថា យើងទទួលការគោរពចំពោះសាលដីកាតុលាការនេះ ។ យើងពន្យល់ប្រជាពលរដ្ឋថាគេបានរកឃើញចំណុចបែបនេះ ដូចនេះយើងត្រូវតែលះបង់កន្លែងនោះ។

បើតាមប្រសាសន៍សម្តេចតេជោ គឺថាដំណោះស្រាយតាមច្បាប់ជាវិធីមួយដ៏ប្រសើរបំផុត ដើម្បីបញ្ជៀសការបង្ហូរឈាមប្រជាពលរដ្ឋខ្មែរ៕

你可能还喜欢