ឯកឧត្តម ប៉ែន បូណា ៖ នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក

ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥–តាមរយៈសំណេរ បង្ហោះតាមបណ្ដាញសង្គម នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ខ្មែរយើងធ្លាប់កំសត់ពេកហើយ ធ្លាប់បែកបាក់គ្នាអស់ចិត្តហើយ។ ប្រទេសយើងធ្លាប់ធ្លាក់ដល់ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្រហើយ។ យើងក៏ធ្លាប់ត្រូវគេមើលងាយគ្រប់គ្រាន់ហើយដែរ។

ដូច្នេះ នេះជាពេលវេលាល្អណាស់ដែលខ្មែរត្រូវរួមគ្នាជាធ្លុងមួយនៅពីក្រោយថ្នាក់ដឹកនាំ និងកងទ័ពដើម្បីផ្លាស់ប្តូររូបភាពប្រទេសយើងនៅក្នុងក្រសែភ្នែក និងផ្នត់គំនិតរបស់បរទេស។

បើតាម ឯកឧត្តម ប៉ែន បូណា រឿងអ្វីផ្សេងយើងអាចជជែកគ្នាបាន និងចាំជជែកពេលក្រោយ តែកាលៈទេសៈនេះ ខ្មែរត្រូវរួមកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍យើង។

ពេលនេះយើងនៅលើទូកតែមួយ ហើយកំពុងបោះពួយទៅមុខដើម្បីកសាងនូវប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាសម័យទំនើប។ ដូច្នេះ សូមខ្មែរគ្រប់គ្នាជួយចូកជួយចែវ និងសូមកុំយកជើង រាទឹក៕

你可能还喜欢