ប្រតិភូទឹកដីរីករាយនៃវប្បធម៌ចិនចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា
ភ្នំពេញ៖ ប្រធានប្រតិភូទឹកដីរីករាយនៃវប្បធម៌ចិន លោកវ៉ាង វៃ (Wang Wei) បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាអំពីការសហការលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌ចិននៅកម្ពុជានាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងឱកាសជួបពិភាក្សាការងារនេះ លោកវ៉ាង វៃ បានរៀបរាប់ពីគោលបំណងនៃការមកទស្សនកិច្ចនៅកម្ពុជា និងការជួបសំណេះសំណាលជាមួយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។ លោកបានបញ្ជាក់ថា ការធ្វើដំណើរមករបស់ប្រតិភូទឹកដីរីករាយនៃវប្បធម៌ចិនលើកនេះ គឺធ្វើឡើងជាចម្បងនៅសាលារៀនទួន ហ្វា ដើម្បីបង្រៀនសិស្សានុសិស្សពីមុខវិជ្ជាវប្បធម៌ចិនដូចជា អក្សរផ្ចង់ គំនូរ តន្ត្រី ក្បាច់គុន និងការច្រៀងរួមគ្នា ក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរវប្បធម៌ចិន-ខ្មែរ។
លោកបន្តថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនៃទស្សនកិច្ច ប្រតិភូបានទៅទស្សនាសាលារៀនចិនជាច្រើន ដើម្បីពិភាក្សាការសហការលើវិស័យអប់រំវប្បធម៌ជាមួយថ្នាក់ដឹកនាំសាលារៀននីមួយៗ។ បន្ថែមពីលើការងារបង្រៀន អ្វីដែលសំខាន់គឺការនាំយកវប្បធម៌ចិនមកកាន់សាលារៀន និងផ្សព្វផ្សាយដល់សិស្សានុសិស្សនៅកម្ពុជា ដើម្បីពង្រឹងការសហការ និងជំរុញការយល់ដឹងពីគ្នាទៅវិញទៅមកនាពេលអនាគត។
អនុប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ឧកញ៉ា ឈួ ណារី បានលើកឡើងដល់ប្រតិភូអំពីប្រវត្តិនៃការអភិវឌ្ឍអប់រំភាសាចិននៅកម្ពុជា។ លោកបានបន្ថែមថា សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនឡើង ដោយទាក់ទាញនិស្សិតបញ្ចប់ថ្នាក់មធ្យមសិក្សាមកទទួលការបណ្តុះបណ្តាលឥតគិតថ្លៃរយៈពេល២ឆ្នាំ ហើយបន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេនឹងត្រឡប់ទៅបង្រៀននៅស្រុកកំណើតវិញ។ វិធីសាស្រ្តនេះបានជួយដោះស្រាយបញ្ហាខ្វះគ្រូបង្រៀនយ៉ាងមានប្រសិទ្ធភាព។
អគ្គលេខាធិការសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោកសុក ហ៊ុយ បានមានប្រសាសន៍ថា សមាគមតែងតែប្តេជ្ញាចិត្តក្នុងការសម្របសម្រួលវប្បធម៌ និងអប់រំ ការផ្លាស់ប្តូរអាជីវកម្ម និងទាក់ទាញការវិនិយោគ។ លោកបានលើកឡើងជាពិសេសថា ទាក់ទងនឹងការបណ្តុះបណ្តាលខ្សែស្រឡាយចិនជំនាន់ក្រោយទី ៣ ដល់ទី ៥ សមាគមបានបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីស្ថានទូតចិនប្រចាំនៅកម្ពុជា និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលចិនផងដែរ៕