អភិបាលក្រុងពូណិង លោក លីន ឈៀនវិន វាយតម្លៃខ្ពស់ចំពោះសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា
ភ្នំពេញ៖ អភិបាលក្រុងពូណិង លោក លីន ឈៀនវិន ដែលនៅខេត្តក្វាងទុង ប្រទេសចិន បានដឹកនាំប្រតិភូធុរកិច្ចមកបំពេញទស្សនកិច្ចនៅសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដើម្បីជួបពិភាក្សាការងារជាមួយប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោកអ្នកឧកញ៉ា ពុង ឃាវសែ ក្នុងគោលបំណងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងក្រុងពូណិង និងប្រទេសកម្ពុជាក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងអប់រំ។
អភិបាលក្រុងពូណិង លោក លីន ឈៀនវិន បានផ្តល់ការវាយតម្លៃខ្ពស់ចំពោះសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ក្រោមការដឹកនាំរបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ចំពោះការរួមចំណែកក្នុងការជំរុញពាណិជ្ជកម្មចិន-កម្ពុជា និងការអភិវឌ្ឍអប់រំភាសាចិននៅកម្ពុជា។ លោកអភិបាលក្រុងក៏បានលើកឡើងពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃក្រុងពូណិងផងដែរ។
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធុរកិច្ច និងបានរៀបរាប់អំពីគោលបំណង និងកិច្ចការសំខាន់ៗរបស់សមាគម រួមមានការអភិវឌ្ឍន៍ការអប់រំវប្បធម៌ បណ្តុះទេពកោសល្យ និងការទាក់ទាញការវិនិយោគ។ លោកអ្នកឧកញ៉ាបានរំលេចជាពិសេសអំពីសាកលវិទ្យាល័យ ២ ដែលសមាគមបានបង្កើតឡើង៖ សាកលវិទ្យាល័យខេមតិច និងសាកលវិទ្យាល័យបចេ្ចកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន។ លោកអ្នកឧកញ៉ាជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងក្រុងពូណិង និងប្រទេសកម្ពុជាកាន់តែស៊ីជម្រៅ ជាពិសេសជាមួយបងប្អូនមានខ្សែស្រលាយចិន និកាយចិនទៀជីវ ក្នុងប្រទេសកម្ពុជា។
អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោកឧកញ៉ា ជាសឿន បានលើកឡើងអំពីដំណើរការអភិវឌ្ឍន៍របស់សមាគម និងសមិទ្ធិផលរបស់ខ្លួនក្រោមការដឹកនាំរបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ។ លោកឧកញ៉ាក៏បានបញ្ជាក់បន្ថែមថា ថ្មីៗនេះ សមាគមបានប្រមូលថវិកាបានជាង ៨ម៉ឺនដុល្លារ ដើម្បីជួយឧបត្ថម្ភថ្នាំពេទ្យ និងស្បៀងអាហារដល់កងទ័ពនៅតាមព្រំដែន ដែលទទួលបានការសរសើរពីអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាផងដែរ។
សមាជិកសំខាន់ៗដទៃទៀតដែលបានចូលរួមក្នុងកិច្ចពិភាក្សាការងារខាងលើរួមមាន៖ ប្រធានក្រុមប្រឹក្សាត្រួតពិនិត្យនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោកឧកញ្ញា តេងឡាយ ប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោកឧកញ៉ា ជាសៀង ប្រធានប្តូវេនយុវជន លោកស្រី វ៉ា សុជិន អនុប្រធានអចិន្ត្រៃយ៍យុវជន អ្នកឧកញ៉ា លី ឃុនថៃ អគ្គលេខាធិការសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោក សុកហ៊ុយ ព្រមទាំងតំណាងពីក្រុមហ៊ុនកាណាឌីយ៉ាគ្រុបផងដែរ៕