ខេត្តបាត់ដំបងចាប់ផ្តើមសង់អាងទំនប់ស្ទាក់ទឹកស្ទឹងក្រញូងសម្រាប់វិស័យកសិកម្ម
ស្រុកក្រុងចំនួន៥ក្នុងខេត្តបាត់ដំបង នឹងទទួលបានផលពីគម្រោងអាងទំនប់ស្ទាក់ទឹក ក្រញូងដែលអាចស្រោចស្រពស្រូវវស្សារហូតដល់ជាង១០ម៉ឺនហិកតា។ អាងនេះស្ថិតនៅស្រុកសំឡូត ជាប្រព័ន្ធធារាស្រ្តសាស្រ្តដ៏ធំថ្មីមួយទៀតដែលកំពុងចាប់ផ្តើមសាងសង់បន្ថែមលើប្រព័ន្ធធារាសាស្រ្តធំៗចំនួន៤ដែលកំពុងមានស្រាប់ ដើម្បីបម្រើឱ្យវិស័យកសិកម្មក្នុង ខេត្តបាត់ដំបង។
លោក ឈឺន សុខុមប្រធានការិយាល័យធារាសាស្រ្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទ ខេត្តបាត់ដំបង បានអោយដឹងថា គម្រោងអភិវឌ្ឍអាងស្តុកទឹកស្ទឹងក្រញូង ជាគម្រោងគ្រប់គ្រងដោយក្រសួងធនធានទឹកនិងឧតុនិយម ដែលមានប្រវែងជាង១គីឡូម៉ែត្រ។ លោកបន្ថែមថាគម្រោងខាងលើចាប់ផ្តើមសាងសង់រយៈពេលបីឆ្នាំ ចាប់ផ្ដើម ពីខែ ០២ ឆ្នាំ២០២៥ ទៅ មានសមត្ថភាពស្ដុកទឹក ជាង១រយលានម៉ែត្រគូប អាចជួយស្រោចស្រពដល់ផ្ទៃដីដាំដុះស្រូវវស្សាបានជាង១០ម៉ឺនហិកតា នៅស្រុកបាណន់ ស្រុកសង្កែ ស្រុកម៉ោឫស្សី ស្រុកឯកភ្នំ និង ក្រុងបាត់ដំបង។
មន្រ្តីកសិកម្មខាងលើបានលើកឡើងក្នុងកម្មវិធីសន្ទនាមតិវិទ្យុជាតិកម្ពុជាចំការចេកឱ្យដឹងបន្ថែម ទៀតថាអាងស្តុកទឹកស្ទឹងក្រញូងខាងលើនេះជាគម្រោងប្រព័ន្ធធារាស្រ្តថ្មីមួយបន្ថែមទៀត នៅខេត្តបាត់ដំបង ខណៈខេត្តជម្រុកស្រូវមួយនេះមានប្រព័ន្ធធារាសាស្ត្រ ធំៗ ចំនួន៤រួចទៅហើយ ។
ប្រព័ន្ធធារាស្រ្តទាំងនោះរួមមានប្រព័ន្ធធារាសាស្ត្រស្ទឹងមោងឫស្សីឬស្ទឹងដូនទ្រី អាចស្រោចស្រោពលើផ្ទៃដីជាង៥ម៉ឺនហិកតា នៅរដូវវស្សានិងជាង២ពាន់ហិកតានៅ រដូវប្រាំង ,ប្រព័ន្ធធារាសាស្ត្រស្ទឹងសង្កែ អាចស្រោចស្រោពលើផ្ទៃដីជាង៦ម៉ឺនហិកតានៅរដូវវស្សា និងជាង១ម៉ឺន៧ពាន់ហិកតានៅរដូវប្រាំង ,ប្រព័ន្ធធារាសាស្ត្រស្ទឹងមង្គលបូរី ស្រោចស្រោពលើផ្ទៃដីជាង៦ម៉ឺនហិកតានៅរដូវវស្សានិងរដូវប្រាំងអាចស្រោចស្រោពបានជាង២ពាន់៨០០ហិកតា ប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្រោចស្រោពលើផ្ទៃដីសរុប២ម៉ឺន៣ពាន់៦០០ហិតា នៅរដូវវស្សា និងជាង ១ម៉ឺន៨ពាន់ហិកតានៅរដូវប្រាំង ។
យោងតាម របាយការណ៍មន្ទីរកសិកម្មខេត្តបានឱ្យដឹងថានៅឆ្នាំ២០២៤ ខេត្តបាត់ដំបងបានដាំដុះស្រូវវស្សា ស្រូវស្រាល ដើមរដូវ ស្រូវស្រាលបង្កើនរដូវស្រូវស្រាល ស្រូវធ្ងន់ និងស្រូវឡើងទឹកចំនួន ជាង៤៥ម៉ឺនហិកតា៕