សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាពលរដ្ឋ និង បម្រើប្រជាពលរដ្ឋ

កំពង់ធំ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ –គណបក្សប្រជាជននៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋ ទោះជា១០០ឆ្នាំទៀត ក៏មិនចោលនូវបុព្វហេតុរបស់ខ្លួនដែរ គឺដើម្បីជាតិនិងប្រជាជន នេះគឺជាការពិត។ នេះជាការថ្លែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចធិបតី បានឱ្យដឹងថា ជិត៥០មកហើយ រាប់ចាប់ពីឆ្នាំ១៩៧៩មក និងកំពុងបន្តទៅមុខទៀត គណបក្សប្រជាជនកម្ពុជា នៅតែជឿជាក់នូវភាពរឹងមាំ និងភាពជោគជ័យរបស់គណបក្ស ដែលបន្តនៅយូរអង្វែងតទៅមុខ ដើម្បីនៅជាមួយប្រជាជន និងដើម្បីដឹកនាំប្រទេសកម្ពុជាតទៅទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា«ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ផែនការដាក់ត្រឹម២០៥០ ដែលយើងធានានិរន្តរភាព ប៉ុន្តែខ្ញុំជឿជាក់ថា មិនមែនត្រឹមនោះទេ គឺគណបក្សប្រជាជននឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋ ហេតុអ្វី? កិច្ចការងារធំពីរ ដែលខ្ញុំនៅជឿជាក់ ជឿជាក់ទី១ គឺប្រជាពលរដ្ឋនៅតែឱ្យតម្លៃ ទៅលើសច្ចភាព ទៅលើការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា របស់អ្នកដែលខំធ្វើពិត ។ ទី២ ខ្ញុំនៅតែជឿជាក់ថា គណបក្សប្រជាជនកម្ពុជា ទោះជា១០០ឆ្នាំទៀត ក៏មិនចោលនូវបុព្វហេតុរបស់ខ្លួនដែរ គឺដើម្បីជាតិនិងប្រជាជន នេះគឺជាការពិត»។

បើតាមសម្តេចធិបតី ការកសាងមូលដ្ឋានគណបក្សនូវអគារគណបក្សដ៏ធំនាពេលនេះ មិនមែនជារឿងចៃដន្យ ឬមួយមិនមែនគ្រាន់តែអគារសម្រាប់ប្រជុំនោះទេ ប៉ុន្តែបង្ហាញនូវការជឿជាក់ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការដឹកនាំនិងបម្រើឱ្យប្រជាពលរដ្ឋនៅរយៈពេលវែង៕

你可能还喜欢