ប្រតិភូខេត្តយូណាននៃសម្ព័ន្ធការិយាល័យកោះតៃវ៉ាន់ ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា
ភ្នំពេញ៖ ប្រតិភូខេត្តយូណាននៃសម្ព័ន្ធការិយាល័យកោះតៃវ៉ាន់ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ហ្លួង ចាន់ហ៊ុយ ប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតរបស់សមាគម។ ការចូលជួបសម្តែងការគួរសមនេះ គឺមានគោលបំណងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ លោក ឈូយ ប៊ីងសេង(Cui Bing Cheng) អ្នកត្រួតពិនិត្យថ្នាក់ទី១នៃការិយាល័យកោះតៃវ៉ាន់ខេត្តយូណានបានថ្លែងថា ការចូលជួបពិភាក្សាការងារនេះគឺផ្តើមចេញពីមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយបងប្អូនដែលមានខ្សែស្រលាយចិនដូចគ្នា និងការរំពឹងទុកចំពោះការអភិវឌ្ឍរួមគ្នា។ លោកក៏បានថ្លែងអំណរគុណដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងការលះបង់ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន។ បន្ទាប់មក លោកក៏បានរៀបរាប់លម្អិតអំពីស្ថានភាពអភិវឌ្ឍន៍របស់ខេត្តយូណានក្នុងវិស័យពាណិជ្ជកម្ម ផ្លូវដែក កសិកម្ម ជាដើម។
លោក ហ្លួង ចាន់ហ៊ុយ ប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាបានរៀបរាប់អំពីប្រវត្តិសង្ខេប និងគោលគំនិតសំខាន់ៗរបស់សមាគមដល់ប្រតិភូ។ លោកបានបន្តថា ការចូលជួបពិភាក្សាការងាររបស់ប្រតិភូលើកនេះ គឺបានចង្អុយបង្ហាញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងភាគីទាំងពីរ។ លោកបានសង្ឃឹមថាតាមរយៈការផ្លាស់ប្តូរយោបល់នេះ ភាគីទាំងពីរនឹងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រួមគ្នាស្វែងយល់ពីរបៀបបម្រើប្រជាជនចិននៅក្រៅប្រទេសឱ្យកាន់តែប្រសើរឡើង និងជំរុញកិច្ចសហការគ្នាក្នុងវិស័យវប្បធម៌ សេដ្ឋកិច្ច និងអប់រំរវាងប្រទេសទាំងពីរ។
លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាបានរំលេចថា ដើម្បីតបតាមតម្រូវការកិច្ចការងារជាក់ស្តែង សមាគមបានបង្កើតប្រព័ន្ធថ្មី គឺប្រធានប្តូវេនប្រចាំខែ។ លើសពីនេះ ដើម្បីអភិវឌ្ឍការអប់រំភាសាចិនឱ្យកាន់តែមានភាពរីកចម្រើន លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់គ្រូបង្រៀននៅសាលារៀនចិនទាំងអស់នៅទូទាំងប្រទេសកម្ពុជា៕