រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួនដែលទទួលសញ្ជាតិពីកំណើត ត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើន
ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥– រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ច្បាប់កំណត់ដកសញ្ជាតិពីពលរដ្ឋខ្លួន មិនមែនជារឿងថ្មីទេ នៅក្នុងពិភពលោក ខណៈច្បាប់នេះ ត្រូវបានអនុវត្តរួចមកហើយ នៅក្នុងបណ្ដាប្រទេសជាច្រើន រួមទាំងបណ្ដាមហាអំណាចធំៗ ដូចជា សហរដ្ឋអាម៉េរិក និងបារាំងផង។
ថ្លែងក្នុងសម័យប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បើផ្អែកតាមការសិក្សាលើក្របខ័ណ្ឌច្បាប់របស់បណ្តាប្រទេសនានានៅលើពិភពលោក ក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសខ្លះ បានអនុញ្ញាតឱ្យដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួនឱ្យទៅជាជនគ្មានសញ្ជាតិតែម្ដង ដែលភាសាអង់គ្លេសហៅថា Stateless Person។
ឯកឧត្តម កើត រិទ្ធ ក៏បានគូសបញ្ជាក់ថា យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលដែលនឹងទទួលខុសត្រូវក្នុងការធ្វើវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ និងលិខិតបទដ្ឋានគតិយុត្តដែលមានការពាក់ព័ន្ធនាពេលខាងមុខ នឹងធានាថា ច្បាប់នេះនឹងបម្រើឧត្តមប្រយោជន៍របស់ជាតិ ព្រមទាំងធានាបាននូវនិយាម ឬស្តង់ដាអនុវត្ត ស្របតាមបទដ្ឋានអន្តរជាតិ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងថាបើការដកសញ្ជាតិជាអំពើប្រល័យពូជសាសន៍ដែលជា ការលើកឡើងរបស់ក្រុមជ្រុលនិយម ដែលថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរ គឺជាអំពើប្រល័យពូជសាសន៍ គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន គ្មានការស្រាវជ្រាវ និងគ្មានការយល់ដឹងអ្វីសោះ។
ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់ថា បើការដកសញ្ជាតិគឺជាអំពើប្រល័យពូជសាសន៍ នោះប្រទេសជាង ១៥០ នៅលើពិភពលោក រាប់ទាំងប្រទេសមហាអំណាចធំៗ ដូចជា អាម៉េរិក, បារាំង, អង់គ្លេស, អាល្លឺម៉ង់, អូស្រ្តាលី, កាណាដាផង ដែលមានច្បាប់ដកសញ្ជាតិនេះ តើសុទ្ធតែជាប្រទេសដែលប្រព្រឹត្តប្រល័យពូជសាសន៍?
ឯកឧត្តម កើត រិទ្ធ បានបន្តថា ការរៀបចំឱ្យមានច្បាប់ដកសញ្ជាតិ ដែលមានទាំងនៅបរទេសរួចហើយ និងកំពុងរៀបចំនៅកម្ពុជា នៅពេលនេះ គឺមិនត្រឹមតែមិនមែនជាអំពើប្រល័យពូជសាសន៍ទេ តែគឺដើម្បីការពាររដ្ឋ តាមរយៈការបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ប្រជាជនចំពោះប្រជាជាតិរបស់ខ្លួន។
សូមបញ្ជាក់ថា ការដកសញ្ជាតិខ្មែរ គឺអនុវត្តទៅលើពលរដ្ឋខ្មែរណាដែលឃុបឃិតជាមួយបរទេស ប្រពឹត្តអំពើក្បត់ជាតិឯង ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ, សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍ជាតិប៉ុណ្ណោះ។ ច្បាប់នេះ មិនអនុវត្តចំពោះពលរដ្ឋណាដែលស្មោះត្រង់ ស្រឡាញ់ជាតិទេ ប៉ុន្តែផ្ទុយទៅវិញ ថែមទាំងជួយការពាររដ្ឋ តាមរយៈការបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ប្រជាជនចំពោះជាតិខ្លួនថែមទៀត។ នេះបើតាមឯកឧត្តម កើត រិទ្ធ៕