ប្រតិបត្តិការចិន-កម្ពុជា៖ ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាការចាំបាច់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យក្នុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីចាប់ផ្ដើមជាផ្លូវការនូវការបង្រ្កាបទូទាំងប្រទេស ដោយប្រើប្រាស់កងកម្លាំងអនុវត្តច្បាប់ និងកងកម្លាំងប្រដាប់អាវុធ រួមទាំងកងកម្លាំងពិសេស ដោយប្តេជ្ញាលុបបំបាត់ទាំងស្រុងនូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលលាក់ខ្លួននៅទូទាំងប្រទេស។ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ទូទាំងខេត្ត-រាជធានីចំនួន ១៥ នៃព្រះរាជាណាចក្រកម្ពុជា បានបោសសម្អាតកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ កន្លែង និងបានចាប់ខ្លួនជនសង្ស័យសរុបចំនួន ២៧៦៧ នាក់ ក្នុងនោះរួមមានជនសង្ស័យដែលមានសញ្ជាតិចិនចំនួន ៨៤៣ នាក់។ ក្នុងប្រតិបត្តិការពីថ្ងៃទី១៤ ដល់ទី១៦ ខែកក្កដា បន្ត្រីអនុវត្តច្បាប់នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់ផ្សេងទៀត បានវាយឆ្មក់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាច្រើនកន្លែង ហើយបានចាប់ខ្លួនជនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាង ១០០០ នាក់ ដែលជនពាក់ព័ន្ធមកពីប្រទេស និងតំបន់ជាច្រើន រួមមានឥណ្ឌូនេស៊ី វៀតណាម ចិនដីគោក កោះតៃវ៉ាន់(ចិន) ថៃ ជាដើម។ លើសពីនេះ នៅថ្ងៃទី១៦ សមតកិច្ចប៉ូលីសមកពីតាមបណ្តាខេត្តនានាបានរាយការណ៍លទ្ធផលប្រតិបត្តិការចាប់ខ្លួនជាបន្តបន្ទាប់ ដោយចំនួនជនដែលត្រូវបានចាប់ខ្លួនជិត ៨០០ នាក់ ហើយជនសង្ស័យនៅក្នុងទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខ្លះបានរត់គេចពេលប៉ូលីសចុះទៅដល់ បង្កើតឲ្យមានសភាពច្របូកច្របល់នៅពេលនោះ។
ចំនួន កម្លាំង និងល្បឿននៃប្រតិបត្តិការរបស់សមតកិច្ចលើកនេះ គឺអាចនិយាយបានថាមិនដែលធ្លាប់មានពីមុនមក។ រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែដាក់ពង្រាយកម្លាំងនគរបាល និងធនធានសំខាន់ៗប៉ុណ្ណោះទេ ថែមទាំងបានអនុវត្តគោលនយោបាយគ្មានការអត់ឱនចំពោះមន្ត្រីណាដែលខកខានក្នុងការអនុវត្ត ដោយបញ្ជាក់យ៉ាងច្បាស់ថា រាល់សកម្មភាពណាមួយដែលមិនបានបំពេញតាមបញ្ជា ឬមិនសហការក្នុងការអនុវត្ត នឹងត្រូវប្រឈមមុខដាក់ទោសយ៉ាងធ្ងន់ធ្ងរ ដូចជាផ្ទេរតំណែង ឬបញ្ឈប់តួនាទីតែម្តង។ នេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកម្ពុជា និងជំហរដ៏រឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយក៏បង្ហាញទៅពិភពលោកថា ប្រទេសកម្ពុជាលែងជាជម្រកសុវត្ថិភាពសម្រាប់ឧក្រិដ្ឋកម្មតាមអនឡាញទៀតហើយ។
ប្រទេសចិនគឺជាអ្នកគាំទ្រដ៏រឹងមាំ និងជាដៃគូសហការដ៏សំខាន់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានជួបពិភាក្សាការងារជាមួយអគ្គនាយករងនៃនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ របស់ក្រសួងសន្តិសុខសាធារណៈចិន លោក អ៊ី ហ្គូហៃ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅលើការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោក អ៊ី ហ្គូហៃ បានថ្លែងអំណរគុណចំពោះជំហរដ៏រឹងមាំរបស់ភាគីកម្ពុជា និងលទ្ធផលដ៏គួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានបញ្ជាក់ឡើងវិញថា ភាគីចិនមានឆន្ទៈបន្តគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សហប្រតិបត្តិការរវាងចិន និងកម្ពុជាក្នុងការប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចាប់ផ្ដើមយូរមកហើយ និងទទួលបានលទ្ធផលជាផ្លែផ្កា។ ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២៤ មជ្ឈមណ្ឌលសហប្រតិបត្តិការអនុវត្តច្បាប់ឡានឆាង-មេគង្គ បានរៀបចំអនុវត្តប្រតិបតិ្តការរួម “Seagull” ដោយសម្របសម្រួលក្របខ័ណ្ឌប្រតិបត្តិការច្បាប់របស់ប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងតំបន់ ព្រមទាំងបទឧក្រិដ្ឋដែលពាក់ព័ន្ធ និងបទឧក្រិដ្ឋជួញដូរអាវុធ និងគ្រាប់រំសេវ។ ក្នុងអំឡុងពេលប្រតិបត្តិការ សរុបមានករណីឧក្រិដ្ឋកម្មនានាដែលភាគច្រើនជាករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាង ១៦០ ករណី ត្រូវបានសមតកិច្ចបំបែកបាន ជនសង្ស័យជាង ៧០០០០ នាក់ត្រូវបានចាប់ខ្លួន និងជនរងគ្រោះជាង ១៦០ នាក់ត្រូវបានជួយសង្គ្រោះ។ ក្នុងប្រតិបត្តិការបោសសម្អាតទូទាំងប្រទេសរបស់កម្ពុជាលើកនេះ ភាគីចិនក៏បានចូលរួមជួយសហការយ៉ាងសកម្ម ដោយបានសន្យាផ្តល់អាទិភាពដល់ការដោះស្រាយ និងធ្វើមាតុភូមិនិវត្តជនសង្ស័យដែលមានសញ្ជាតិចិនឱ្យបានឆាប់រហ័ស ដើម្បីធានាថាការងារធ្វើមាតុភូមិនិវត្តន៍ប្រព្រឹត្តទៅតាមផ្លូវច្បាប់ ដំណើរការដោយមានប្រសិទ្ធភាព និងមានរបៀបរៀបរយ។
បទឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន បានក្លាយទៅជាបញ្ហាពិភពលោកដែលប្រទេសនីមួយៗកំពុងទទួលរងគ្រោះថ្នាក់យ៉ាងខ្លាំង។ សហប្រតិបត្តិការរវាងចិន និងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្កើតជាគំរូល្អសម្រាប់សហគមន៍អន្តរជាតិ ដែលបង្ហាញពីការទទួលខុសត្រូវរបស់ប្រទេសទាំងពីរនៅពេលដែលដោះស្រាយបញ្ហាប្រឈមពិភពលោក។ កិច្ចសហប្រតិបត្តិការបែបនេះ ជួយពង្រឹងកិច្ចសហការអនុវត្តច្បាប់អន្តរជាតិ ដើម្បីរួមគ្នាកសាងបរិយាកាសអន្តរជាតិប្រកបដោយសុវត្ថិភាព ស្ថិរភាព និងរបៀបរៀបរយបន្ថែមទៀត។
សកម្មភាពប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់ចិន និងកម្ពុជា គឺមិនអាចបញ្ឈប់បាន និងចាំបាច់។ យើងជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងពីរ យើងពិតជាអាចលុបបំបាត់ទាំងស្រុងនូវជំងឺមហារីកនៃបទឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះចោលបាន ដើម្បីបង្កើតបរិយាកាសសង្គមដែលមានសុវត្ថិភាព ស្ថិរភាព និងសុខដុមរមនាសម្រាប់ប្រជាជនប្រទេសទាំងពីរ ហើយក៏ដើម្បីចូលរួមចំណែកដែរក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែនជាសកល៕