ក្រុមហ៊ុនថ្មលីចូមចិន ចេញទៅទីផ្សារអាស៊ីអាគ្នេយ៍

 

ប៉ុន្មានឆ្នាំចុងក្រោយនេះ​ ការរីកចំរើននៃថាមពលថ្មីជាសកលបានកើនឡើងយ៉ាងខ្លាំង ហើយឧស្សាហកម្មថ្មលីចូម(Lithium Battery) ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើននេះ បានឃើញការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ នៅក្នុងស្ថានកាលបែបនេះ ក្រុមហ៊ុនថ្មលីចូមចិនកំពុង “ប្រញាប់ប្រញាល់ដណ្ដើមទីផ្សារ” នៅអាស៊ីអាគ្នេយ៍យ៉ាងសកម្ម ដោយមិនត្រឹមតែពង្រីកដែនកំណត់អភិវឌ្ឍន៍យ៉ាងទូលំទូលាយសម្រាប់ក្រុមហ៊ុនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងបញ្ចូលកម្លាំងថាមពលថ្មីដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដោយបើកទំព័រថ្មីនៃផលប្រយោជន៍គ្នាទៅវិញទៅមក និងឈ្នះឈ្នះសម្រាប់ភាគីទាំងពីរ។

១. ការដាក់ផែនការរបស់ក្រុមហ៊ុនថ្មលីចូមចិនកំពុងពន្លឿនឡើងយ៉ាងខ្លាំងនៅអាស៊ីអាគ្នេយ៍

ដំណាក់កាលពង្រីកឧស្សាហកម្មថ្មលីចូមចិននៅអាស៊ីអាគ្នេយ៍ កំពុងពន្លឿនឡើងយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុន CATL (Contemporary Amperex Technology Co. Limited) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ក្របខ័ណ្ឌមួយជាមួយសហគ្រាសអភិវឌ្ឍន៍ថាមពលថ្មីរបស់ក្រុមហ៊ុនសិង្ហបុរី Vanda RE នៅខែកក្កដា ឆ្នាំ២០២៥ ដើម្បីផ្គត់ផ្គង់ប្រព័ន្ធផ្ទុកថាមពល ២.២ ជីហ្គាវ៉ាត់ម៉ោង (GWh) សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និងផ្ទុកថាមពលរួមបញ្ចូលគ្នារបស់ខ្លួននៅកោះតរីយ៉ាវ (Riau) ប្រទេសឥណ្ឌូនេស៊ី។ នេះមិនត្រឹមតែជាវិធានការសំខាន់មួយទៀតរបស់ CATL ក្នុងទីផ្សារអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីសារៈសំខាន់ និងជំនឿរបស់ខ្លួនចំពោះទីផ្សារថាមពលថ្មីនៅអាស៊ីអាគ្នេយ៍ផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុន EVE Energy Malaysia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន EVE Energy គ្រោងនឹងវិនិយោគរហូតដល់ទៅ ៨៦.៥៤ ពាន់លានយន់ ដើម្បីសាងសង់គម្រោងថ្មផ្ទុកថាមពលប្រភេទថ្មីមួយ។ ក្រុមហ៊ុន REPT BATTERO Energy Co Ltd បានចាប់ផ្តើមមូលដ្ឋាននៅបរទេសដំបូងគេរបស់ខ្លួននៅក្នុងសួនឧស្សាហកម្ម Kendal, Central Java ប្រទេសឥណ្ឌូនេស៊ី ដោយវិនិយោគ ១ ពាន់លានដុល្លារ។ គម្រោងដំណាក់កាលទីពីររបស់ក្រុមហ៊ុន PT Huayou New Material Indonesia នៅសួនឧស្សាហកម្ម Weda Bay Industrial Park (IWIP) ក៏បានបញ្ចប់ផងដែរ។

២. អនាគតក្រុមហ៊ុនថ្មលីចូមចិនមាន​ទស្សនវិស័យ​អភិវឌ្ឍន៍​យ៉ាង​ទូលំទូលាយ

តំបន់អាស៊ីអាគ្នេយ៍មានធនធានធម្មជាតិសម្បូរបែប ដូចជាធនធាននីកើល (Nickel) នៅឥណ្ឌូនេស៊ីដែលស្ថិតនៅកំពូលលំដាប់ពិភពលោក។ នេះផ្តល់នូវការធានាដ៏រឹងមាំសម្រាប់ក្រុមហ៊ុនថ្មលីចូមចិនក្នុងការទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើមដែលមានស្ថេរភាព បន្ថយថ្លៃដើមទិញសម្ភារៈ និងហានិភ័យផ្គត់ផ្គង់ ដែលបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំដល់ក្រុមហ៊ុនសម្រាប់ការអភិវឌ្ឍដោយនិរន្តរភាព។ តាមទស្សនៈតម្រូវការទីផ្សារ ទីផ្សាររថយន្តនៅអាស៊ីអាគ្នេយ៍មានសក្តានុពលយ៉ាងធំសម្បើម ជាមួយនឹងទំនោរបង្កើនល្បឿនឆ្ពោះទៅរកយានយន្តអគ្គិសនីកាន់តែខ្លាំង តម្រូវការចំពោះផលិតផលថ្មលីចូមបានកើនឡើងឥតឈប់ឈរ។ ក្រុមហ៊ុនថ្មលីចូមចិន ដោយមានបច្ចេកវិទ្យាទំនើប និងផលិតផលល្អ អាចបំពេញតម្រូវការក្នុងស្រុកយ៉ាងល្អ ដណ្តើមយកចំណែកទីផ្សារ និងសម្រេចបាននូវកំណើនអាជីវកម្មយ៉ាងឆាប់រហ័ស។ ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ឧស្សាហកម្មថាមពលថ្មី ដោយបានចេញគោលនយោបាយអនុគ្រោះជាច្រើន រួមមានការលើកទឹកចិត្តលើពន្ធគយ ការអនុគ្រោះដីធ្លី ការគាំទ្ររផ្នែកឧស្សាហកម្មជាដើម ដែលបានបង្កើតបរិយាកាសគោលនយោបាយល្អសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍របស់ក្រុមហ៊ុនថ្មលីចូមចិននៅក្នុងតំបន់។

៣. ការនាំឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ បង្ហាញប្រសិទ្ធិភាពខ្ពស់

ការវិនិយោគ និងការសាងសង់រោងចក្ររបស់ក្រុមហ៊ុនថ្មលីចូមចិននៅអាស៊ីអាគ្នេយ៍ បានធ្វើឱ្យមានការកើនឡើងការងារដោយផ្ទាល់នៅក្នុងតំបន់។ ពីដំណាក់កាលសាងសង់គម្រោងដំបូងជាកម្មករសំណង់ ដល់ក្លាយជាមានតួនាទីក្នុងផ្នែកផលិតកម្ម បច្ចេកទេស និងគ្រប់គ្រងជាដើម នៅពេលដែលគម្រោងចាប់ផ្តើមដំណើរការ នេះបានផ្តល់នូវឱកាសការងារជាច្រើនសម្រាប់អ្នករស់នៅក្នុងតំបន់ និងបង្កើនកម្រិតប្រាក់ចំណូលរបស់ពួកគេ។ ទន្ទឹមនឹងនោះដែរ ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនក៏នឹងជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មពាក់ព័ន្ធនៅក្នុងតំបន់ផងដែរ ដូចជាភស្តុភារ ការវេចខ្ចប់ អាហារដ្ឋានជាដើម ដែលនាំបង្កើតជាចង្កោមឧស្សាហកម្ម ហើយជំរុញឱ្យមានវិបុលភាពនៃសេដ្ឋកិច្ចក្នុងតំបន់។ ចំពោះផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបំពេញតម្រូវការផលិតកម្មរបស់ក្រុមហ៊ុនថ្មលីចូម រដ្ឋាភិបាលក្នុងតំបន់ និងសហគ្រាសបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជា អគ្គិសនី ការដឹកជញ្ជូន ទូរគមនាគមន៍ជាដើម។ នេះនឹងធ្វើឱ្យលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍កាន់តែប្រសើរឡើង លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរួមរបស់តំបន់ និងបង្កើតលក្ខខណ្ឌល្អប្រសើរជាងមុនសម្រាប់ការអភិវឌ្ឍឧស្សាហកម្មផ្សេងទៀត។ បច្ចេកវិទ្យាទំនើប និងបទពិសោធន៍គ្រប់គ្រងរបស់ក្រុមហ៊ុនថ្មលីចូមចិន ក៏នឹងត្រូវផ្សព្វផ្សាយទៅកាន់តំបន់អាស៊ីអាគ្នេយ៍តាមរយៈកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ ដែលលើកកម្ពស់ការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មក្នុងស្រុក និងការច្នៃប្រឌិតបច្ចេកវិទ្យា។ នេះនឹងជួយលើកកម្ពស់កម្រិតផលិតកម្មនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ លើកកម្ពស់ការកែសម្រួល និងការបំប្លែងរចនាសម្ព័ន្ធសេដ្ឋកិច្ចចរបស់ពួកគេ ដើម្បីសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ការដែលក្រុមហ៊ុនថ្មលីចូមចិន “ប្រញាប់ប្រញាល់ដណ្ដើមទីផ្សារ” នៅអាស៊ីអាគ្នេយ៍ គឺជាជម្រើសល្អក្នុងការសម្របខ្លួនទៅនឹងទំនោរអភិវឌ្ឍន៍ឧស្សាហកម្មថាមពលថ្មីជាសកល ហើយក៏ជាតម្រូវការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍខ្លួនឯងរបស់ក្រុមហ៊ុនផងដែរ។ ដំណើរការនេះ មិនត្រឹមតែផ្តល់ឱកាសអភិវឌ្ឍន៍ដ៏ធំធេងដល់ក្រុមហ៊ុនថ្មលីចូមចិនប៉ុណ្ណោះទេ ថែមទាំងបញ្ចូលកម្លាំងថាមពលដ៏ខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសម្រេចបាននូវផលប្រយោជន៍គ្នាទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរ៕

你可能还喜欢