អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ ទាំងមន្រ្តី អ្នកសារព័ត៌មានថៃ តែងប្រឌិត និងបង្កើតព័ត៌មានក្លែងក្លាយដើម្បីចោទកម្ពុជា និងបិទបាំងរាល់អំពើអាក្រក់របស់ខ្លួន

ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា ក្រៅពីការបង្កើតព័ត៌មានក្លែងក្លាយហើយ អ្វីដែលហួសចិត្តមួយទៀតនោះ គឺនៅពេលដែលពួកគេបង្កើតព័ត៌មានក្លែងក្លាយ តែមន្រ្តីម្នាក់ៗរបស់ប្រទេសមួយនេះបែរជានិយាយថា កម្ពុជាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយទៅវិញ ដែលការណ៍នេះធ្វើឡើងដើម្បីគ្រាន់តែបិទបាំងនូវអ្វីដែលពួកគេបានប្រព្រឹត្តអាក្រក់ប៉ុណ្ណោះ។ ឯកឧត្តមអ្នកនាំពាក្យបានថ្លែងបញ្ជាក់ថា៖ «ការនិយាយភូតកុហកទាំងនេះមិនសមទំនងទាល់តែសោះពោលគឺការភូតកុហក និងមួលបង្កាច់ ចំពោះរឿងដែលគ្រប់គ្នាបានដឹងអស់ទៅហើយ ។ដូចនេះវាប្រហែលអាចធ្វើឱ្យប្រជាជនថៃមួយចំនួនតូចជឿ តែប្រជាពលរដ្ឋខ្មែរ សាធារណៈមតិអន្តរជាតិជាទូទៅ មិនជឿទាល់តែសោះ។ ពេលនេះអ្វីៗទាំងអស់បានបើកចំហរនៅចំពោះមុខក្រសែភ្នែកមហាជន និងសហគមន៍អន្តរជាតិយ៉ាងទូលំទូលាយទៅហើយ។»
ជាមួយគ្នានេះ ឯកឧត្ដមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏សូមបញ្ជាក់ជូនភាគីថៃវិញថា ពេលនេះគឹជាពេលវេលាដែលភាគីទាំងពីរត្រូវបោះជំហ៊ានបង្ហាញការប្តេជ្ញាចិត្ត ដ៏ស្មោះត្រង់ និងមានសុឆន្ទៈក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងរក្សាសុខសន្តិភាព ភាពសុខសាន្តរវាងប្រជាពលរដ្ឋប្រទេសទាំងពីរគឺកម្ពុជា-ថៃ៕