ប្រតិភូធុរកិច្ចខេត្តសានដុង ហឺជឺ ធ្វើទស្សនកិច្ចនៅសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា

ភ្នំពេញ៖ ប្រតិភូធុរកិច្ចខេត្តសានដុង ហឺជឺ(He Ze) បានចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរ ចិន នៅកម្ពុជា នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យរថយន្តនៅកម្ពុជា ។

លោក ឈិន ជិង(Chen Jing) ប្រធានក្រុមហ៊ុន Shandong Heze Tongsheng Investment Development Group Co., Ltd. បានថ្លែងអំណរគុណចំពោះការស្វាគមន៍ពីថ្នាក់ដឹកនាំរបស់សមាគម ព្រមទាំងបានរៀបរាប់អំពីប្រវត្តិក្រុមហ៊ុន និងគម្រោង “Tongsheng Golden Peony Auto World”។

លោកប្រធានបានបង្ហាញពីឆន្ទៈក្នុងការសហការជាមួយសហគ្រាសក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតបណ្តាញលក់ និងសេវាកម្មរួមគ្នា ពង្រីកទីផ្សាររថយន្តជជុះនៅកម្ពុជា និងអាស៊ាន ដែលនឹងចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធដឹកជញ្ជូនក្នុងប្រទេសកម្ពុជា។

អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា អ្នកឧកញ៉ា ហាន់ ឃាង បានស្វាគមន៍ការមកដល់របស់ប្រតិភូធុរកិច្ចខេត្តសានដុង ហឺជឺ។ អ្នកឧកញ៉ាបានរំលេចថា វិស័យឧស្សាហកម្មរថយន្តនៅកម្ពុជាកំពុងអភិវឌ្ឍយ៉ាងលឿន ដោយមានរោងចក្រដំឡើងរថយន្តចំនួន ៦ រួចទៅហើយ រួមមានFord、Toyota、Hyundai និង Isuzu ជាដើម ហើយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD ក៏បានប្រកាសបង្កើតរោងចក្រដំឡើងនៅកម្ពុជាផងដែរ។

អ្នកឧកញ៉ាបានបញ្ជាក់ថា សមាគមនឹងប្រើប្រាស់ភាពខ្លាំងរបស់ប្រជាជនខ្មែរដែលមានកាត់ស្រឡាយចិន ពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុន Tongsheng ស្វែងរក​ឱកាស​វិនិយោគសម្រាប់​សហគ្រាស​ទាំងសង្ខាង​ ដើម្បីផលចំណេញទៅវិញទៅមក និង​លទ្ធផល​ឈ្នះ​-​ឈ្នះ​។

នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំសមាគមក៏បានចែករំលែកព័ត៌មានអាជីវកម្មរបស់ខ្លួនផងដែរ ហើយបានឆ្លើយនូវសំណួររបស់ប្រតិភូទាក់ទងអំពីតម្រូវការ និងស្ថានភាពទីផ្សាររថយន្តជជុះរបស់កម្ពុជា៕

你可能还喜欢