ការប្រកួត​​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក ឆ្នាំ​២០២៥ ​ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បាន​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​នៅរាជធានីភ្នំពេញ

 

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិភពលោក (ប្រចាំតំបន់អាស៊ីអាគ្នេយ៍) ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យនៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះដែលដឹកនាំដោយក្រសួងអប់រំចិន និងរួមចំណែករៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ហើយប្រព្រឹត្តធ្វើឡើងនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន។

- Advertise -

កម្មវិធីប្រកួតខាងឡើងធ្វើឡើងក្រោមប្រធានបទ “ជំនាញសម្រាប់យុវជន សមត្ថភាពក្នុងការបង្កើតអនាគត” ដោយការប្រកួតប្រជែងដ៏សំខាន់ទាំង ៣ រួមមាន៖ ១.ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ២.បច្ចេកវិទ្យាព័ត៌មានជំនាញថ្មី និង៣.ការផលិតឧបករណ៍វៃឆ្លាត គឺសុទ្ធតែជំនាញមានតម្រូវការខ្ពស់ និងមានភាពចាំបាច់ក្នុងការអភិវឌ្ឍឧស្សាហកម្ម ដែលជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ព្រឹត្តិការណ៍នេះបានទាក់ទាញបេក្ខជនចូលរួមសរុបចំនួន ៦០ក្រុម និងអ្នកចូលរួមប្រកួតចំនួន ២០០នាក់ពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានចង្អុលបង្ហាញថា ការប្រកួតនេះមិនត្រឹមតែជាវេទិកាសម្រាប់ការប្រកួតជំនាញប៉ុណ្ណោះទេ ថែមទាំងជាស្ពានផ្លូវចិត្ត និងការរួមបញ្ចូលគ្នានៃវប្បធម៌។ ឯកឧត្ដមបានពន្យល់ទៀតថា អប់រំបច្ចេកទេស និងវិជ្ជាជីវៈគឺជាវិស័យអាទិភាពក្នុងការកែទម្រង់អប់រំនៅកម្ពុជា ហើយចិនគឺជាដៃគូសហការដ៏សំខាន់មួយ។ ការសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាណានជីង បានក្លាយជាគំរូនៃការសហការអប់រំចិន-កម្ពុជា។ លោកបានអំពាវនាវឱ្យប្រទេសអាស៊ាន និងចិនជំរុញការទទួលស្គាល់ស្តង់ដារអប់រំ ការតភ្ជាប់វគ្គសិក្សា និងការផ្លាស់ប្តូរគ្រូបង្រៀន ដើម្បីសម្រេចបាននូវការចែករំលែក និងអនាគតឈ្នះ-ឈ្នះរួមគ្នា។

ឯកឧត្ដម វ៉ាង វីនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់ចិន និងកម្ពុជា ក្នុងការផ្លាស់ប្តូរពី​កិច្ច​សហប្រតិបត្តិការ​គម្រោង​ទៅជាកិច្ចសហប្រតិបត្តិការផ្អែកលើការកសាងវេទិការួមវិញក្នុងវិស័យអប់រំវិជ្ជាជីវៈ។ នេះបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការអប់រំរវាងចិន និងបណ្តាប្រទេសអាស៊ាន។ ចិនស្ម័គ្រចិត្តធ្វើការជាមួយកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីជំរុញការសហការអប់រំបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ និងផ្តល់នូវការគាំទ្រធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងតំបន់។

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានពន្យល់ថា ព្រឹត្តិការណ៍ប្រកួតនេះបានបណ្តុះបណ្តាលយុវជនផ្នែកជំនាញដែលឧស្សាហកម្មកម្ពុជាត្រូវការចាប់បាច់ និងជំរុញការរួមបញ្ចូលគ្នារវាងឧស្សាហកម្ម និងអប់រំវិជ្ជាជីវៈ។ សាកលវិទ្យាល័យវិជ្ជាជីវៈចិនមានទំហំធំនៅលើពិភពលោក ដែលតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវិស័យឧស្សាហកម្ម ហើយស្តង់ដារបច្ចេកទេស និងសិប្បកម្មចិននឹងជួយកម្ពុជាក្នុងការធ្វើមូលដ្ឋានីយកម្មជំនាញ។ ឯកឧត្ដមសង្ឃឹមថាព្រឹត្តិការណ៍ប្រកួតបែបនេះនឹងនៅតែបន្តរៀបចំ ហើយបង្កើតជាច្រកអប់រំវិជ្ជាជីវៈចិន-កម្ពុជា និងជួយក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

លោក ពេង ប៊ីនបៃ ប្រធាននាយកដ្ឋានអប់រំវិជ្ជាជីវៈ និងមនុស្សពេញវ័យនៃក្រសួងអប់រំចិន បានបញ្ជាក់តាមរយៈវីដេអូថា ចិនស្ម័គ្រចិត្តចែករំលែកបទពិសោធន៍អភិវឌ្ឍន៍អប់រំវិជ្ជាជីវៈជាមួយប្រទេសនានានៅលើពិភពលោក។ ការប្រកួតនេះមានគោលបំណងបង្កើតវេទិកាផ្លាស់ប្តូរកម្រិតអន្តរជាតិដែលមានគុណភាពខ្ពស់ ជំរុញការរួមបញ្ចូលគ្នារវាងឧស្សាហកម្ម និងអប់រំ ហើយកសាងស្តង់ដាររួម។ ឆ្នាំនេះគឺជាលើកដំបូងដែលបានបង្កើតឡើងនូវតំបន់អាស៊ីអាគ្នេយ៍ ដែលបានក្លាយជាផ្លូវការសំខាន់មួយដើម្បីបង្ហាញពីភាពរឹងមាំនៃការអប់រំវិជ្ជាជីវៈក្នុងតំបន់ និងលទ្ធផលសហប្រតិបត្តិការរួមគ្នាមួយ។

លោក ស៊េ យ៉ុងហួ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាណានជីងបានណែនាំថា សាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាណានជីងកំពុងធ្វើការកំណែទម្រង់ស៊ីជម្រៅក្នុងការអប់រំភាសាផ្អែកលើជំនាញ ហើយបានចាត់តាំងគ្រូបង្រៀតជាង១០០នាក់ទៅបង្រៀននៅកម្ពុជា។ សាកលវិទ្យាល័យពឹងផ្អែកលើវេទិកាកម្រិតអន្តរជាតិ បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវការប្រកួតនៅក្នុងបណ្តាលប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន និងនៅពេលអនាគតនឹងបន្តធ្វើឱ្យសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិនក្លាយជាស្ពាន បង្កើតចំណុចថ្មីនៃការសហការអប់រំវិជ្ជាជីវៈចិន-អាស៊ាន។

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានចង្អុលបង្ហាញថា ការប្រកួតនេះមិនត្រឹមតែជាការអនុវត្តជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈចិន-កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ដ៏ធំសម្រាប់ការផ្លាស់ប្តូរយុវជនរវាងប្រទេសទាំងពីរផងដែរ។ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជានឹងបន្តជំរុញការសហការអប់រំវិជ្ជាជីវៈចិន-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងបណ្ដុះ​បណ្ដាល​អ្នក​ជំនាញ​ដែល​មាន​គុណភាព​ខ្ពស់​បន្ថែម​ទៀត។

ការប្រកួតនេះបានជ្រើសយកបេក្ខជនឈ្នះមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធចំនួន ៣០នាក់ ហើយបេក្ខជនមកពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិននិងស្ថាប័នផ្សេងៗទៀតបានទទួលមេដាយ និងពានរង្វាន់។ នៅក្នុងកម្មពិធីបិទការប្រកួត ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ពានរង្វាន់”វិជ្ជាជីវៈសាកលវិទ្យាល័យឆ្នើម” ដល់លោក ស៊េ យ៉ុងហួ ដើម្បីទទួលស្គាល់ការរួមចំណែកឆ្នើមរបស់ស្ថាប័នចិនក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា៕

你可能还喜欢