ចាប់ដៃសហការគ្នាក្នុងវិស័យអាកាសចរណ៍ បង្កើតអនាគតរួមគ្នា៖ កិច្ចសហប្រតិបត្តិការ ចិន និងកម្ពុជាឈានដល់កម្រិតកំពូលថ្មីមួយទៀត

 

ក្រុមហ៊ុនអាកាសចរណ៍អ៊ែរខេមបូឌា (Air Cambodia) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីទិញយន្តហោះក្នុងតំបន់ប្រភេទ C909 ដែលផលិតក្នុងស្រុករបស់ចិនចំនួន ២០ គ្រឿង ដែលក្នុងនោះ ១០ គ្រឿងគឺបានបញ្ជាទិញរួចជាស្រេច និង ១០ គ្រឿងទៀតមានគោលបំណងបញ្ជាទិញ។ នេះបង្ហាញពីជំហានច្បាស់លាស់នៃកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍រវាងចិន និងកម្ពុជា ហើយក៏ជាការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនផងដែរ។

- Advertise -

មិត្តភាពប្រពៃណីរវាងចិន និងកម្ពុជាមានជាយូរលង់ណាស់មកហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងទ្វេភាគីមានការរីកចម្រើនយ៉ាងខ្លាំង ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កា។ កិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍នេះ គឺជាសមិទ្ធិផលដ៏សំខាន់មួយទៀតនៃការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានអត្ថប្រយោជន៍ក្នុងផ្នែកផ្សេងៗជាច្រើន។

ជំរុញវិស័យអាកាសចរណ៍កម្ពុជាឱ្យរីកចម្រើន

យន្តហោះក្នុងតំបន់ប្រភេទ C909 គឺជាយន្តហោះប្រតិកម្មក្នុងតំបន់ Regional Jet រយៈចម្ងាយមធ្យម និងខ្លីថ្មីដំបូងគេរបស់ប្រទេសចិន ដោយអនុវត្តតាមបទប្បញ្ញត្តិអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងមានកម្មសិទ្ធិបញ្ញាផ្ទាល់ខ្លួន។ យន្ត​ហោះ​នេះ​អាច​ផ្ទុកមនុស្សបានចន្លោះពី ៧៨ ទៅ ៩៧នាក់ និងអាចហោះចម្ងាយពី ២២២៥ ទៅ ៣៧០០ គីឡូម៉ែត្រ។ យន្ត​ហោះ​នេះមានសមត្ថភាពល្អក្នុងការដំណើរការក្នុងសីតុណ្ហភាពខ្ពស់ និងមាន​សមត្ថភាព​ហោះ​ចេញ និង​ចុះចត​នៅផ្លួវយន្តហោះដែលមានប្រវែងខ្លី និង​តូច​ចង្អៀតបាន អាច​សម្រប​ខ្លួន​បាន​ខ្ពស់​ទៅនឹងអាកាសធាតុ ដែល​ប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​អាច​បំពេញតម្រូវការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​របស់​កម្ពុជា។ ការនាំចូលយន្តហោះប្រភេទនេះ នឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍អ៊ែរខេមបូឌា បង្កើនសមត្ថភាពប្រតិបត្តិការ និងកម្រិតសេវាកម្មរបស់ខ្លួន ជួយឱ្យក្រុមហ៊ុនពង្រីកចំណែកទីផ្សារបានកាន់តែល្អ ពង្រឹងសមត្ថភាពប្រកួតប្រជែកក្នុងតំបន់ និងជំរុញវិស័យអាកាសចរណ៍កម្ពុជាឱ្យរីកចម្រើន។

គាំទ្រវិស័យឧស្សាហកម្មពាក់ព័ន្ធនៅកម្ពុជាឱ្យរីកចម្រើន

ការនាំចូល និងប្រតិបត្តិការយន្តហោះនេះ នឹងជំរុញវិស័យឧស្សាហកម្មពាក់ព័ន្ធផ្សេងៗឱ្យរីកចម្រើន។ ក្នុងវិស័យថែទាំយន្តហោះ ការថែទាំយន្តហោះក្នុងតំបន់ប្រភេទ C909 ទាមទារក្រុមបច្ចេកទេសដែលមានជំនាញវិជ្ជាជីវៈ និងឧបករណ៍បន្ថែម ដែលនឹងជំរុញឱ្យកម្ពុជាកាន់តែវិនិយោគក្នុងវិស័យថែទាំយន្តហោះ បណ្តុះបណ្តាលអ្នកជំនាញក្នុងស្រុក បង្កើនសមត្ថភាពថែទាំយន្តហោះ ហើយបន្ទាប់មកនឹងជំរុញឧស្សាហកម្មពាក់ព័ន្ធផ្សេងទៀតឱ្យរីកចម្រើន និងបង្កើតកន្លែងការងារបន្ថែមទៀត។ ក្នុងវិស័យទេសចរណ៍ ការដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែមានប្រសិទ្ធភាព និងងាយស្រួលទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើន។ បង្កើនការចាយវាយក្នុងវិស័យទេសចរណ៍ ជំរុញឧស្សាហកម្មពាក់ព័ន្ធ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងទេសចរណ៍ជាដើមឱ្យរីកចម្រើន ដោយបញ្ចូលកម្លាំងចលករថ្មីទៅក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា។

ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-ចិន

កិច្ចសហការនេះគឺជាការគូសបញ្ជាក់មួយថ្មីទៀតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) ជាតំណាងឈានមុខគេនៃឧស្សាហកម្មអាកាសចរណ៍របស់ចិន ដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍អ៊ែរខេមបូឌា (Air Cambodia) ដែលនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនទាំងពីរប៉ុណ្ណោះទេ ថែមទាំងអាចជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ក្នុងផ្នែកផលិតកម្ម សេវាកម្មបច្ចេកទេស និងការបណ្តុះបណ្តាលបុគ្គលិកជាដើម។ នេះជាការរគាំទ្រដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា ផ្តល់ឱកាសអាជីវកម្មថ្មីៗដល់សហគ្រាសទាំងពីរ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។

ពង្រឹងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន

ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគឺជាគោលដៅ និងទិសដៅនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍នេះ គឺជាការអនុវត្តយ៉ាងជាក់ស្តែងមួយ ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ កិច្ចសហការយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរក្នុងវិស័យនាំចូលយន្តហោះនេះ គឺជាការជំរុញប្រតិបត្តិការ និងការអភិវឌ្ឍឧស្សាហកម្ម ដែលបង្ហាញពីការគាំទ្រ និងជំនួយគ្នាទៅវិញទៅមកក្នុងដំណើរអភិវឌ្ឍន៍ បញ្ជាក់បាននៅភាពជិតស្និទ្ធ និងលក្ខណៈសំខាន់នៃសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ ទាំងនេះនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងការយល់ដឹងពីគ្នាកាន់តែស៊ីជម្រៅរវាងប្រជាជនទាំងពីរ ហើយដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំបន្ថែមទៀតសម្រាប់ការកសាងសហគមន៍ជោគវាសនារួមគ្នា។

ចំពោះការរំពឹងទុកនាពេលអនាគត កិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍រវាងចិន និងកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយ។ ភាគីទាំងពីរអាចទាញយកឱកាសនេះ ដើម្បីពង្រីកបន្ថែមទៀតនូវផ្នែកនៃកិច្ចសហប្រតិបត្តិការ ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងបង្កើនការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនឱ្យកាន់តែខ្ពស់មួយកម្រិតទៀត។ សង្ឃឹមថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ចិន និងកម្ពុជានឹងអាចទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះលើវិស័យជាច្រើនទៀត ហើយរួមគ្នាកសាងអនាគតដ៏ភ្លឺស្វាង៕

你可能还喜欢