ប្រតិភូនៃវិស័យបោះពុម្ពផ្សាយប្រទេសចិន ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ《សារព័ត៌មាន ជានហ្វា》 ពិភាក្សាលើការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការលើសិទ្ធិបោះពុម្ពផ្សាយ

ភ្នំពេញ៖ ប្រតិភូនៃវិស័យបោះពុម្ពផ្សាយមកពីប្រទេសចិន បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសារព័ត៌មាន ជានហ្វា ដោយភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាជាលក្ខណៈមិត្តភាពស្តីពីការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការស្តីពីវិស័យសិទ្ធិអ្នកនិពន្ធចិន-កម្ពុជា។

ថ្នាក់ដឹកនាំសារព័ត៌មាន ជានហ្វាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូដែលមកដល់។ លោក អ៊ឹង ហុងម៉េង អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជាចាងហ្វាងសារព័ត៌មាន ជានហ្វា លោក សុកហ៊ុយ អគ្គនាយក លោក សុខ សំណាង នាយកប្រតិបត្តិ លោក យ៉ាង ស៊ូហ្វេ និពន្ធនាយកប្រតិបត្តិ និង លោក​ លឹម គុយសេងប្រធានអ្នកយកព័ត៌មាន លោក ហោ ហេង បានទទួលស្វាគមន៍ និងបានធ្វើការពិភាក្សាជាមួយប្រតិភូចិន។

លោក អ៊ឹង ហុងម៉េង បានទទួលស្វាគមន៍ប្រតិភូ ព្រមទាំងបានរៀបរាប់អំពីការងារផ្សេងៗដែលសារព័ត៌មាន ជានហ្វាចាប់តាំងពីកកើតរហូតមកដល់ពេលបច្ចុប្បន្ន ដោយបានផ្សព្វផ្សាយនូវវប្បធម៌ចិន និងលើកកម្ពស់មិត្តភាពចិន និងកម្ពុជា។

លោកបានបង្ហាញពីការរំពឹងទុករបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិស័យបោះពុម្ពផ្សាយចិន ជំរុញការបកប្រែសៀវភៅស្នាដៃចិនល្អៗបន្ថែមទៀតជាភាសាខ្មែរ ដើម្បីពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាចំពោះប្រទេសចិន។

សមាជិកប្រតិភូរួមមានតំណាងពីសាលាបោះពុម្ពផ្សាយប្រជាជនចិន សាលាបោះពុម្ពផ្សាយអប់រំជាន់ខ្ពស់ និងអង្គការផ្សេងៗទៀត។ តំណាងចិនបានរៀបរាប់អំពីលក្ខណៈពិសេសនៃសាលាបោះពុម្ពផ្សាយរបស់ខ្លួន និងបទពិសោធន៍សហប្រតិបត្តិការអន្តរជាតិ ហើយបានបង្ហាញពីឆន្ទៈក្នុងការធ្វើការជាមួយសមាគមដើម្បីលើកកម្ពស់ការបោះពុម្ពសៀវភៅ កិច្ចសហប្រតិបត្តិការអប់រំ និងការតាំងពិព័រណ៍សៀវភៅរួមគ្នា។

នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីប្រធានបទផ្សេងៗ រួមមានការអប់រំភាសាចិន កិច្ចសហប្រតិបត្តិការលើវិស័យផ្សែងៗទៀត ហើយបានឯកភាពរក្សាទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ដំណើរ​ទស្សន​កិច្ច​នេះ​បាន​ចាក់​បញ្ចូល​កម្លាំង​ចលករថ្មី​ក្នុង​ការ​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​វប្បធម៌ និងកិច្ចសហប្រតិបត្តិការបោះពុម្ពផ្សាយរវាងចិន និងកម្ពុជា៕

你可能还喜欢