ចិននៅអាស៊ីអាគ្នេយ៍៖ ឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះ

របាយការណ៍ប្រចាំឆ្នាំ «សន្ទស្សន៍ឥទ្ធិពលនៅអាស៊ីអាគ្នេយ៍» ដែលប្រកាសជាផ្លូវការនៅទីក្រុងស៊ីដនី កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយវិទ្យាស្ថាន លូយ៉េ(Lowy Institute) ដ៏ល្បីរបស់អូស្ត្រាលី បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយរបាយការណ៍បង្ហាញថា ចិនបានក្លាយជាដៃគូសហប្រតិបត្តិការបរទេសដែលមានឥទ្ធិពលខ្លាំងជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចិនបានជាប់ចំណាត់ថ្នាក់ជាដៃគូចម្បងនៅក្នុងប្រទេសចំនួន៦ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម ចំណែកឯសហរដ្ឋអាមេរិកវិញ នៅតែរក្សាតំណែងជាដៃគូសហប្រតិបត្តិការចម្បងត្រឹមតែនៅក្នុងប្រទេសហ្វីលីពីន និងសិង្ហបុរីប៉ុណ្ណោះ។ ឥទ្ធិពលរបស់សហរដ្ឋអាមេរិកត្រូវបានចុះថយយ៉ាងខ្លាំងនៅក្នុងប្រទេសផ្សេងទៀតជាច្រើន ជាពិសេសនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលឥទ្ធិពលរបស់ចិនខ្ពស់ជាងសហរដ្ឋអាមេរិកពី ៦០% ទៅ ១៥០%។

ទំនាក់ទំនងជិតស្និទ្ធរវាងចិន និងអាស៊ីអាគ្នេយ៍មិនមែនកើតឡើងភ្លាមៗនោះទេ ប៉ុន្តែជាលទ្ធផលនៃការពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យក្នុងរយៈពេលយូរ។

- Advertise -

នៅក្នុងវិស័យសេដ្ឋកិច្ច ឥទ្ធិពលរបស់ចិនលើអាស៊ីអាគ្នេយ៍គឺមានសារៈសំខាន់ជាពិសេស។ ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតនៅបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងជាទីផ្សារនាំចេញធំបំផុតរបស់តំបន់នេះ ដោយស្រូបយកប្រហែល ២០% នៃការនាំចេញ និងមានចំនួន ២៦% នៃតម្លៃនាំចូលក្នុងតំបន់នេះ។ ក្នុងរយៈពេល ១០ ឆ្នាំ គឺគិតចាប់ពីឆ្នាំ ២០១៥ ដល់ ២០២៤ ចិនបានកាន់កាប់ ២១% នៃការវិនិយោគគម្រោងថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលក្នុងរយៈពេល ១០ ឆ្នាំមុនមួយទៀត គឺគិតត្រឹមឆ្នាំ ២០១៧ តួលេខនេះមានត្រឹមតែ ១៣% ប៉ុណ្ណោះ ដោយជប៉ុនគឺជាប្រភពវិនិយោគបរទេសធំជាងគេនៅក្នុងតំបន់នាពេលនោះ។ ការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចបានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងផលប្រយោជន៍របស់ចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេរភាគីផងដែរ។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺជាចំណុចលេចធ្លោមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនសំណង់របស់ចិនបានចូលរួមក្នុងគម្រោងធំៗជាច្រើននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដូចជាផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងនៅប្រទេសឥណ្ឌូនេស៊ីជាដើម។ ការវិនិយោគរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍មិនត្រឹមតែជួយធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបានជំរុញការអភិវឌ្ឍឧស្សាហកម្មពាក់ព័ន្ធ បង្កើតការងារក្នុងស្រុកជាច្រើន បង្កើនសក្តានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍ និងពង្រឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់បន្ថែមទៀត។

នៅក្នុងវិស័យការទូត ចិនរក្សាទំនាក់ទំនងកម្រិតខ្ពស់ជាប្រចាំជាមួយប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចិនគឺជាគោលដៅទស្សនកិច្ចអន្តរជាតិដែលពេញនិយមបំផុតសម្រាប់មេដឹកនាំ និងរដ្ឋមន្ត្រីការបរទេសជាច្រើនរូបនៅអាស៊ីអាគ្នេយ៍ ហើយមេដឹកនាំ និងរដ្ឋមន្ត្រីការបរទេសចិនក៏ជាអ្នកទទួលភ្ញៀវមកទស្សនកិច្ចជាញឹកញាប់បំផុតពីខាងក្រៅតំបន់ផងដែរ។ ទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធបែបនេះហើយ បានពង្រឹងភាពទុកចិត្តពីគ្នាខាងផ្នែកនយោបាយ និងផ្តល់នូវការធានាដ៏រឹងមាំដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ផ្ទុយទៅវិញ ការទូត និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហាក់មានភាពរញ៉េរញ៉ៃ និងគ្មានលំដាប់លំដោយ ដែលធ្វើឱ្យពិបាកក្នុងការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពជាមួយនឹងចិន។

នៅក្នុងវិស័យវប្បធម៌ ទោះបីជាឥទ្ធិពលរបស់ចិនមិនទាន់ស្មើនឹងសហរដ្ឋអាមេរិកក៏ដោយ ក៏ប៉ុន្តែបានមានសញ្ញានៃការកើនឡើងបន្តិចម្តងៗហើយក្នុងប៉ុន្មានឆ្នាំចុយក្រោយនេះ។ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកើនឡើងឋានៈក្នុងឆាកអន្តរជាតិរបស់ចិន ប្រទេសចិនបានធ្វើឱ្យប្រជាជនអាស៊ីអាគ្នេយ៍កាន់តែមានចំណាប់អារម្មណ៍លើវប្បធម៌ចិន។ ការរៀនភាសាចិន ការស្វែងយល់ពីវប្បធម៌ចិន បានក្លាយជានិន្នាការថ្មីមួយ។ ទន្ទឹមនឹងនេះ ផលិតផលភាពយន្ត តន្ត្រី និងម្ហូបអាហាររបស់ចិនក៏ពេញនិយមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ វាបានជំរុញការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជនទាំងសងខាង ហើយបានបន្ថែមថាមពលនៃអំណាចទន់ដល់ការកើនឡើងនៃឥទ្ធិពលរបស់ចិន។

ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍មិនមែនជា “ប្រភេទផ្ដាច់ការ” នោះទេ។ ចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក សមភាព និងប្រយោជន៍ទាំសងខាងក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសអាស៊ីអាគ្នេយ៍ ដោយគោរពអធិបតេយ្យភាព និងផលប្រយោជន៍របស់ពួកគេ និងផ្តល់អាទិភាពដល់ការអភិវឌ្ឍរួម។ បណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏បានអនុម័តយុទ្ធសាស្ត្រ “ចម្រុះ” ដើម្បីជៀសវាងការពឹងផ្អែកលើមហាអំណាចតែមួយ និងកាត់បន្ថយហានិភ័យភូមិសាស្ត្រនយោបាយ នេះបានបង្ហាញថា កិច្ចសហប្រតិបត្តិការរបស់ចិនជាមួយអាស៊ីអាគ្នេយ៍គឺផ្អែកលើការស្ម័គ្រចិត្តទៅវិញទៅមក និងសមភាព ដែលមានភាពរស់រវើក និងនិរន្តរភាព។

ឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានលើសសហរដ្ឋអាមេរិកយ៉ាងច្បាស់ ហើយបានក្លាយជាមហាអំណាចខាងក្រៅដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់នេះ។ ចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ មានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៅក្នុងវិស័យដូចជា សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការទូត និងវប្បធម៌ ដែលបានលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងបង្កើនទំនាក់ទំនងទ្វេភាគី។ រីឯឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍វិញ មានលក្ខណៈថយចុះ ដែលភាគច្រើនបណ្តាលមកពីភាពមិនស្ថិតស្ថេរនៃរបបនយោបាយ និងការយកចិត្តទុកដាក់ដែលមិនស៊ីជម្រៅរបស់ខ្លួនទៅលើបញ្ហានានាក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈកិច្ចខិតខំប្រឹងប្រែងការទូតប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ចិនបានទទួលបានការទុកចិត្ត និងការគាំទ្រពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕

你可能还喜欢