ធនាគារជាតិនៃកម្ពុជា បង្ហាញអំពីប្រព័ន្ធទូទាត់បាគង ដែលជួយដល់ភាពរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលនៅក្នុងកិច្ចប្រជុំកំពូលធុរៈកិច្ច និងវិនិយោគអាស៊ាន
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ (ABIS) ក្រោមប្រធានបទ «បង្កើនអំណាចដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងតំបន់អាស៊ាន ដើម្បីជំរុញការរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថល» នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
វេទិកានេះមានការចូលរួមពីវាគ្មិនជំនាញដែលសុទ្ធសឹងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗលំដាប់ពិភពលោក ដូចជា Google និង TikTok ជាដើម ដោយបានផ្តោតលើកិច្ចពិភាក្សាអំពីដំណោះស្រាយចំពោះឧបសគ្គរបស់ MSMEs ក្នុងសេដ្ឋកិច្ចឌីជីថល កិច្ចសហប្រតិបត្តិការតំបន់ និងតួនាទីរបស់ស្ថាប័នហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងការបង្កើនអំណាចដល់ MSMEs ក្នុងតំបន់អាស៊ាន ដើម្បីជំរុញការរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថល។
លោកស្រីបណ្ឌិត ជា សិរី បានបង្ហាញពីវឌ្ឍនភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ជាពិសេសដំណើររៀបចំប្រព័ន្ធទូទាត់បាគង និងបទពិសោធជោគជ័យដែលប្រតិបត្តិការប្រព័ន្ធបាគងបានជំរុញការរីកចម្រើនរបស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។
លោកស្រីបណ្ឌិតបានសង្កត់ធ្ងន់ ពីសារៈសំខាន់នៃការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ ដើម្បីឱ្យសហគ្រាសអាចធ្វើពាណិជ្ជកម្មយ៉ាងទូលំទូលាយ សំដៅកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
គួររំលេចថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាវេទិកាថ្នាក់តំបន់ប្រចាំឆ្នាំ ដែលត្រូវបានរៀបចំអមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានវត្តមានចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន ដែលមកពីទូទាំងតំបន់អាស៊ាន និងប្រទេសជាដៃគូនានាជុំវិញពិភពលោក៕

