ក្រុមហ៊ុនកម្ពុជា និងម៉ាឡេស៊ី សហការគ្នាបង្កើតរោងចក្រផលិតទឹកដោះគោស្រស់នៅកម្ពុជា
ក្រុមហ៊ុន Farm Fresh Group របស់ម៉ាឡេស៊ី និងក្រុមហ៊ុន Alpha group របស់កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបោះទុនវិនិយោគបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោស្រស់នៅកម្ពុជា ក្នុងគោលបំណងបំពេញតម្រូវការទីផ្សារ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Alpha group បានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន Farm fresh Group របស់ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលដែលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមការចូលរួមរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាតំណាងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់សភាពាណិជ្ជកម្មកម្ពុជា។
អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា ការចាប់ដៃវិនិយោគជាមួយក្រុមហ៊ុនរបស់ម៉ាឡេស៊ីនាពេលនេះ ជាការពង្រីកការផលិតទឹកដោះគោស្រស់ និងទឹកដោះគោឆៅ ដើម្បីបំពេញតម្រូវការទឹកដោះគោស្រស់ និងទឹកដោះគោឆៅដែលកំពុងកំណើនខ្ពស់។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Farm Fresh Group នេះ គឺជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេស៊ី ដែលមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងមានគោប្រមាណ១ម៉ឺន ៤ពាន់ក្បាល៕

