ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យតៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអស់ចិត្តឡើយ បើមិនបានជួបផ្ទាល់ជាមួយលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានមហាជន ស្គាល់ថាជាមន្ត្រីសកម្ម និងមានសិល្បៈក្នុងការងារ ធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។

បន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងារ លោក ប៉ាង លីដា ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ទីបំផុតនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ លោក ប៉ាង លីដា បានអញ្ជើញមកទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីជួបសន្ទនាជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅសាលវរជ័យ ដែលជាកន្លែងប្រជុំកិច្ចការសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិតផ្ទាល់។

វត្តមានលោក ប៉ាង លីដា បានញាំងឱ្យឯកឧត្តមអភិសន្តិបណ្ឌិត មានក្ដីរំភើបក្ដុកក្ដួល ពីព្រោះកន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត បានឃើញ និងស្គាល់មន្ត្រីមូលដ្ឋានរូបនេះ តែតាមរយៈសកម្មភាពដោះស្រាយបញ្ហាផ្សេងៗ ជាអាទិ៍ មូលដៃអាវ មូលជើងខោ ចុះដឹកនាំមន្ត្រីកាយប្រឡាយ ស្ដារលូរំដោះទឹក និងប្រើគ្រប់វិធីសាស្រ្ត ដើម្បីទទូចសុំពលរដ្ឋ សហការរំដោះចិញ្ចើមផ្លូវសាធារណៈជាដើម។

- Advertise -

ផ្អែកលើបទពិសោធនៃការអនុវត្តជាក់ស្ដែងរបស់លោក ប៉ាង លីដា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើសុំលោក ដឹកនាំសហការី រៀបចំខ្លឹមសារជំនួយស្មារតី និងរូបភាពជាក់ស្ដែងមួយចំនួន ស្ដីពីគោលការណ៍ដែលបានប្រកាន់ខ្ជាប់ និងសកម្មភាពដែលបានអនុវត្តផ្ទាល់ ដើម្បីធ្វើបទបង្ហាញចែករំលែកជូនទៅកាន់មន្ត្រីពាក់ព័ន្ធ ក្នុងសន្និបាតរបស់រដ្ឋបាលរាជធានីភ្នំពេញ និងជាពិសេសសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ។

លោក បានមានប្រសាសន៍ទៀតថា ក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ គឺលោកបានប្រកាន់ខ្ជាប់ដោយឥតងាករេឡើយគោលការណ៍អនុវត្តច្បាប់ដោយស្មើភាព មិនទទួលជាដាច់ខាតផលប្រយោជន៍ចេញពីបុគ្គលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហា និងការសុំគោលការណ៍ដឹកនាំតម្រង់ទិសជាប្រចាំពីថ្នាក់ដឹកនាំ ជាពិសេសអភិបាលខណ្ឌ ដែលជាមេកើយផ្ទាល់របស់ខ្លួន ទន្ទឹមគ្នានឹងការពន្យល់ប្រជាពលរដ្ឋឱ្យដឹងពីទិដ្ឋភាពច្បាប់ ឱ្យដឹងពីវិធីសាស្រ្តដោះស្រាយ និងលទ្ធផលដែលពួកគាត់ ទទួលបាន ជាដើម៕

你可能还喜欢