ឯកឧត្តម គួច ចំរើន ឱ្យរដ្ឋបាលក្រុង-ស្រុក គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ហាមឃាត់ការនាំចូល ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ឧបករណ៍បារីអេឡិចត្រូនិក
រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ស្រទាប់មហាជន សិស្សានុសិស្សយុវជនមន្ត្រីរាជការ តាមខ្លឹមសារនៃបទបញ្ជាលេខ០២ បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ដើម្បីរួមគ្នារក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។

នេះជាការជំរុញរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ដោយមានកាយចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត។
ឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានស្រាវជ្រាវ ក្នុងករណីផលិតបារីដោយគ្មានច្បាប់អនុញ្ញាត ជាពិសេសគឺការផលិតបារីក្លែងក្លាយក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នា ដើម្បីចាត់វិធានការបង្ក្រាបទីតាំងផលិតបារីដែលគ្មានច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយក៏បន្តតាមដានត្រួតពិនិត្យជាប្រចាំចំពោះទីតាំងផលិតបារីដែលមានច្បាប់អនុញ្ញាតផងដែរ ដោយណែនាំកុំឱ្យផលិតម៉ាក់ខុសពីច្បាប់ដែលបានអនុញ្ញាត្តិ ករណីមិនអនុវត្តតាមត្រូវតែមានវិធានការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។

