មេដឹកនាំតៃវ៉ាន់៖ តៃវ៉ាន់មិនទទួលយកគំនិត «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» របស់ចិនឡើយ
មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា កោះតៃវ៉ាន់មិនចង់បាន គំនិត «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» របស់ចិនឡើយ ហើយនឹងប្រឹងប្រែងថែរក្សាសេរីភាព ក៏ដូចជាលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ព្រមទាំងប្តេជ្ញាការពារខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥។
ក្នុងសប្តាហ៍នេះ ចិនបាននិយាយថា ខ្លួនដាច់ខាតនឹងមិនបោះបង់ចោល ជម្រើសនៃការប្រើប្រាស់កម្លាំងជុំវិញបញ្ហាតៃវ៉ាន់ទេ ខណៈវាគឺជាការបង្កើនវោហារសាស្រ្តរឹងមាំមួយ ក្រោយមួយរយៈមកនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយអត្ថបទជាបន្តបន្ទាប់សន្យាថា ប្រសិនបើតៃវ៉ាន់យល់ព្រមទទួលយកការអះអាងអធិបតេយ្យរបស់ចិន ទីក្រុងប៉េកាំង នឹងអនុញ្ញាតឱ្យអនុវត្តគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដែលខ្លួនប្រើសម្រាប់ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ។
លោក Lai ដែលត្រូវចិនចាត់ទុកជាបុគ្គលចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ បានថ្លែងប្រាប់ទាហានតៃវ៉ាន់ នៅមូលដ្ឋានយោធាមួយកន្លែងថា មានតែភាពរឹងមាំប៉ុណ្ណោះ ដែលអាចនាំមក នូវសន្តិភាពពិតប្រាកដ។ មេដឹកនាំតៃវ៉ាន់រូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា «យើងច្រានចោល នូវគោលនយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ដោយសារតែពួកយើងនឹងបន្តថែរក្សាការពារសិទ្ធិសេរីភាព និងប្រព័ន្ធរដ្ឋធម្មនុញ្ញបែបប្រជាធិបតេយ្យរបស់យើង»។ នៅតៃវ៉ាន់ ពុំមានគណបក្សនយោបាយធំៗណាមួយ ដែលគាំទ្រគំនិត «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ឡើយ។
លោក Lai បាននិយាយថា តៃវ៉ាន់និងចិន គឺមិនមានមួយណាចំណុះឱ្យមួយណាទេ ហើយអធិបតេយ្យរបស់តៃវ៉ាន់ មិនអាចត្រូវបានបំពាន និងក្រសោបយកដាច់ខាត ខណៈអនាគតរបស់តៃវ៉ាន់ គឺមានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេច។
គួរបញ្ជាក់ថា លោក Lai បានប្តេជ្ញាបង្កើនការចំណាយលើវិស័យការពារជាតិ ឱ្យដល់៥ភាគរយនៃ GDP នៅឆ្នាំ២០៣០ ដើម្បីពង្រឹងការការពារខ្លួន ចំពោះមុខការបង្កើនសម្ពាធពីចិន ដែលមានកម្លាំងយោធាធំខ្លាំងលើសលប់ បើប្រៀបជាមួយដែនកោះនេះ៕

