សម្តេចតេជោ ហ៊ុន សែន ចែករំលែកពីទស្សនវិស័យការគ្រប់គ្រងកម្ពុជា និងការការពារបរិស្ថាន

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យលោក តាន់ ស្រ៊ី ម៉ៃឃិល យាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម។ នេះបើតាមការបញ្ជាក់ពីលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន។

ជាកិច្ចចាប់ផ្ដើម សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ ចំពោះលោក តាន់ ស្រ៊ី ម៉ៃឃិល យាវ ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា។

- Advertise -

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នេះជាការជួបគ្នាសារជាថ្មី ហើយសង្ឃឹមថា ប្រតិភូនឹងបានឃើញពីការវិវត្ដនៅក្នុងប្រទេសកម្ពុជា ហើយសម្ដេចតេជោ ក៏អបអរសាទរចំពោះការចូលរួមរបស់គណៈប្រតិភូ នៅក្នុងកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកល ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។

ក្នុងឱកាសនោះ លោក តាន់ ស្រ៊ី ម៉ៃឃិល យាវ បានសម្ដែងនូវក្ដីអរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យរូបលោក ព្រមទាំងប្រតិភូដែលជាក្រុមអ្នកស្រាវជ្រាវ របស់វិទ្យាស្ថាន KSI បានជួបសម្ដែងការគួរសម និងបានរងចាំស្ដាប់នូវការចែករំលែក និងទស្សនៈរបស់សម្ដេចតេជោ នៅក្នុងឱកាសដែលរូបលោក ព្រមទាំងសហការី អញ្ជើញមកកាន់ប្រទេសកម្ពុជា។

លោក តាន់ ស្រ៊ី ម៉ៃឃិល យាវ ក៏បានកោតសរសើរចំពោះភាពរីកចម្រើន នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីការដឹកនាំរបស់សម្ដេចតេជោ ហើយបន្ដការដឹកនាំមកកាន់អ្នកជំនាន់ថ្មី កម្ពុជាមានការរីកចម្រើនជាបន្ដបន្ទាប់ ហើយលោកក៏រកចាំស្ដាប់ នូវការចែករំលែកនូវទស្សនទានរបស់សម្ដេចតេជោ ទាក់ទងទៅនឹងការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ ក៏ដូចជាលើកស្ទួយដល់ការការពារបរិស្ថាន។

លោក តាន់ ស្រ៊ី ម៉ៃឃិល យាវ បានរំលេចថា កម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងការរួមចំណែកទាំងក្នុងតំបន់ និងក្នុងគោលដៅការពារបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការជំរុញឲ្យមានភាពបៃតង នៅក្នុងដែនដីលើពិភពលោក។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការចាប់អារម្មណ៍ទាក់ទង ទៅនឹងតួនាទីរបស់ KSI ក្នុងការចូលរួមចំណែកក្នុងការផ្ដល់ជាយុទ្ធសាស្ដ្រ ក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ផង ជាការចែករំលែកផង រួមទាំងទាក់ទងទៅនឹងបរិស្ថាន។

សម្ដេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្នផងដែរ ដែលកម្ពុជារបស់យើង បានចូលរួមចំណែកជាមួយពិភពលោក ដោយសម្ដេចលើកឡើងថា មិនថាប្រទេសតូច ឬប្រទេសធំនោះទេ សុទ្ធតែមានចំណែកក្នុងការទទួលខុសត្រូវ នៅក្នុងការការពារបរិស្ថាន ធ្វើយ៉ាងណាកាត់បន្ថយការបម្រែបម្រូលអាកាសពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលេចនូវស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ដែលនាពេលនេះ គឺជាការប្រើប្រាស់រថយន្ដ ដោយសម្ដេចបានបញ្ជាក់ថា ប្រជាជនកម្ពុជានៅក្នុងទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្នកំពុងតែចាប់អារម្មណ៍នឹងការប្រើប្រាស់រថយន្ដអគ្គិសនី ដែលជាផ្នែកមួយនៅក្នុងការគាំទ្រដល់បរិស្ថាន កាត់បន្ថយនូវឧស្ម័នពុល ហើយជាការរួមចំណែកជំរុញឲ្យមានភាពល្អប្រសើរ ដល់ការបម្រែបម្រួលអាកាសធាតុផងដែរ ដែលជាការរួមចំណែករបស់កម្ពុជា។

ជាចុងក្រោយ លោក តាន់ ស្រ៊ី ម៉ៃឃិល យាវ បានសម្ដែងនូវការអរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចែករំលែក ហើយលោកបានលើកឡើងថា ការចែករំលែករបស់សម្ដេចតេជោ ពិតជាមានអត្ថន័យ និងមានសារៈសំខាន់ណាស់ ដែលក្រុមអ្នកស្រាវជ្រាវរបស់លោក អាចយកទៅដាក់នៅក្នុងការស្រាវជ្រាវ និងជាគំនិតយោបល់បន្ថែម ក្នុងការចែករំលែកដើម្បីពង្រីកនូវទស្សនៈ ដែលសម្ដេចតេជោ បានលើកឡើងទៅកាន់បណ្ដាវេទិកានានាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យប្រតិភូទទួលជោគជ័យ នៅក្នុងការបំពេញបេសកម្មការងារ នៅក្នុងប្រទេសកម្ពុជា៕

你可能还喜欢