រដ្ឋមន្ត្រីទេសចរណ៍បង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជា និងវប្បធម៌ដ៏សំប្បូរបែបជាមួយកត្តាសុខសន្តិភាពជូនអង្គសន្និសីទជំរុញទេសចរណ៍អន្តរជាតិដ៏ធំនៅទីក្រុងស៊ូចូវ
សក្តានុពលទេសចរណ៍កម្ពុជា និងវប្បធម៌ដ៏សំប្បូរបែបជាមួយកត្តាសុខសន្តិភាព សុវត្ថិភាព និងកាលានុវត្តភាពវិនិយោគ ត្រូវបានលើកបង្ហាញក្នុងសន្និសីទជំរុញទេសចរណ៍អន្តរជាតិដ៏ធំនៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសដែលគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជាចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងសុន្ទរកថា គន្លឹះក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍អន្តរជាតិប្រចាំឆ្នាំរបស់ទីក្រុងស៊ូចូវ ដោយមានការចូលរួមពីអភិបាលក្រុងស៊ូចូវ តំណាងអង្គការ UNESCO អ្នកជំនាញទេសចរណ៍ និងវប្បធម៌អន្តរជាតិ ព្រមទាំងវិនិយោគិនចិន និងអន្តរជាតិប្រមាណជាង ៣០០នាក់នោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ជូនអ្នកចូលរួមពីសក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សប្បូរបែបរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាពវិនិយោគដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព ព្រមទាំងយន្តការលើកទឹកចិត្តដ៏ទាក់ទាញរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

