លោក ឃួង ស្រេង៖ ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្ស
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្ស ដែលមានបញ្ញាញាណខ្លាំងក្លា។ ដូច្នេះ ប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ ប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានខ្លាំងក្លា ដើម្បីជាទំពាំងស្នងប្ញស្សី ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។

ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងក្រោយបានអានសារលិខិតថ្លែងអបអរសាទរ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ និងពិធីចែករង្វាន់សិស្សពូកែទូទាំងរាជធានីភ្នំពេញ និងសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាល័យព្រែកលៀប ខណ្ឌជ្រោយចង្វា។
លោក ឃួង ស្រេង បានលើកឡើងទៀតថា «ប្រជាពលរដ្ឋយើងពិតជាមានមោទនភាព និងសប្បាយរីករាយណាស់ ដែលមានថ្នាក់ដឹកនាំមានសមត្ថភាពខ្លាំងក្លា ក្នុងការដឹកនាំប្រទេស នោះគឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ជាក់ស្ដែង យើងបានឃើញហើយថា កាលពីថ្ងៃទី២៦ ខែតុលា កន្លងមកនេះ សម្ដេចធិបតីបានបង្ហាញឲ្យឃើញពីសមត្ថភាពដ៏ខ្លាំងក្លា ក្នុងការនាំប្រទេសជាតិមកនូវសន្តិភាពពេញលេញ ដែលយើងគ្រប់គ្នាជឿទុកចិត្តបាន ហើយបានធ្វើឱ្យប្រទេសជាតិរួចផុតពីសង្គ្រាមកាត់បន្ថយបានការស្លាប់ និងរបួសកងទ័ព និងប្រជាពលរដ្ឋទាំងសងខាងថែមទៀតផង»។
លោក ឃួង ស្រេង នៅក្នុងឱកាសនោះ ក៏បានលើកឡើងពីវិស័យអប់រំ ក្រោយឆ្នាំ១៩៧៩ ដែលកម្ពុជាមិនមានអ្វីទាំងអស់ តែដោយការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលនាពេលនោះ ទើបធ្វើឲ្យវិស័យអប់រំ មានការអភិវឌ្ឍ រីកចម្រើន រហូតមកដល់បច្ចុប្បន្ននេះ។
លោកអភិបាលរាជធានីភ្នំពេញ សូមឱ្យកូនក្មួយទាំងអស់ ប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានខ្លាំងក្លា ដើម្បីយកចំណេះវិជ្ជាទាំងនេះ មកបម្រើជាតិ មាតុភូមិ ធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើងកាន់តែរីកចម្រើនមួយកម្រិតថែមទៀត ហើយចំណេះវិជ្ជាទាំងនេះ ក៏ជាខឿនការពារបូរណភាពទឹកដីរបស់យើងដ៏មានប្រសិទ្ធភាពផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា អាចរីកចម្រើនជឿនលឿនអភិវឌ្ឍទៅបាន គឺពឹងលើក្មួយៗជំនាន់ក្រោយទាំងអស់នេះហើយ។ ចំណែករាជធានីភ្នំពេញក៏ដូច្នោះដែរ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ រាជធានីភ្នំពេញ ក៏មិនមានអនាម័យ បរិស្ថាន និងការអភិវឌ្ឍរីកចម្រើន ដូចពេលនេះដែរ។

