អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្អាក និងបិទអាជីវកម្មកាស៊ីណូ ជីន ប៉ី
នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងអគ្គស្នងការដ្ឋាននគរបាលជាតិដឹកនាំដោយឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង គ.ល.ក. សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មន្ទីរការងារខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះផ្អាក និងបិទអាជីវកម្ម (បិទ Seal) កាស៊ីណូចំនួន4 នៅខេត្តព្រះសីហនុ។

យុទ្ធការនេះបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
កាស៊ីណូចំនួន៤ នៅខេត្តព្រះសីហនុ ដែលត្រូវក្រុមការងារចុះផ្អាក និងបិទនោះ រួមមាន៖
ទី១៖ សេចក្តីសម្រេចលេខ ០២៨ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី គ្រុប
ទី២៖ សេចក្តីសម្រេចលេខ ០២៩ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អុីស្ទេត ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី
ទី៣៖ សេចក្តីសម្រេចលេខ ០៣០ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជី.ស៊ី កាស៊ីណូ និង
ទី៤៖ សេចក្តីសម្រេចលេខ ០៣១ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ជីន ប៉ី ៤
ដោយសង្ស័យប្រព្រឹត្តបទល្មើសលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

