សៀវភៅមគ្គុទេសក៍ទេសចរណ៍ដ៏ល្បីរបស់ពិភពលោក ចាត់ថ្នាក់ទីក្រុងសៀមរាប ជាគោលដៅទេសចរណ៍ដ៏ល្អ ក្នុងឆ្នាំ២០២៥
សៀវភៅមគ្គុទេសក៍ ទេសចរណ៍ដ៏ល្បីរបស់ពិភពលោក Lonely Planet បានចាត់ថ្នាក់ទីក្រុងសៀមរាប ជាគោលដៅទេសចរណ៍ដ៏ល្អមួយក្នុងឆ្នាំ២០២៥នេះ។

នាឱកាសដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៏ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក Tom Hall ជាអនុប្រធានក្រុមហ៊ុន Lonely Planet សៀវភៅមគ្គុទេសក៍ ទេសចរណ៍ដ៏ល្បី របស់ពិភពលោក Lonely Planet និងសហការី ចូលជួបពិភាក្សាការងារ ពីកិច្ចសហប្រតិបត្តិការបន្ថែមទៀម ក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនដែលបានផ្តល់ចំណាត់ថ្នាក់ទីក្រុងសៀមរាប ជាគោលដៅទេសចរណ៍ដ៏ល្អមួយ ដែលត្រូវតែមកទស្សនាក្នុងឆ្នាំ២០២៥ នេះ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញលោក Tom Hall និងសហការី មកទស្សនានៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗ ដើម្បីបានឃើញផ្ទាល់ និងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនអង់គ្លេស និងពិភពលោកទាំងមូល៕

