ប្រតិបត្តិការលើពីរទីតាំងនៅក្រុងបាវិតឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ Online Scams បានចំនួន៦៥៨នាក់
យ៉ាងហោចណាស់មានជនសង្ស័យចំនួន៦៥៨នាក់ ដែលភាគច្រើនជាជនបរទេសត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងចំនួន២កន្លែង ដែលសង្ស័យថាជាប់ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមការឱ្យដឹងពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដោយលោកបានចាត់ទុកលទ្ធផលនេះថាជាទឡ្ហីករណ៍នៃភាពប្រាកដនិយមរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
លោក ទូច សុឃៈ បានបញ្ជាក់កាលពីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារនៃគណៈកម្មការចំពោះកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សហការជាមួយអគ្គស្នងការ ដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
ក្នុងប្រតិបត្តិការនោះ លោក ទូច សុឃៈ បានលម្អិតថា គោលដៅទី១ គឺអគារស្ថិតនៅលើផ្លូវបេតុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជាលទ្ធផលរកឃើញជនបរទេសសរុបចំនួន៥៧នាក់ ស្រី១៥នាក់ មាន៦សញ្ជាតិ ក្នុងនោះមានជនជាតិខ្មែរចំនួន១២នាក់ធ្វើការផ្នែកអនាម័យ សន្តិសុខ និងបកប្រែ។ ចំណែកគោលដៅទី២ គឺអគារភ្លោះកម្ពស់៩ជាន់ ស្ថិតនៅលើផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជាលទ្ធផលរកឃើញជនបរទេសសរុបចំនួន៦០១នាក់ មាន៤សញ្ជាតិ។ លោកថា តាមរយៈការត្រួតពិនិត្យវត្ថុតាង និងធ្វើកោសល្យវិច័យបឋម គណៈកម្មការចំពោះកិច្ចក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃដឹកនាំដោយនាយឧត្ដមសេនីយ៍ កែវ វណ្ណថន រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការបានសន្និដ្ឋានថាគោលដៅទី១ជាទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរូបភាពក្លែងបន្លំជាសមត្ថកិច្ចដើម្បីគំរាមជនរងគ្រោះ។ ចំណែកគោលដៅទី២ជាទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្រោមរូបភាពវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់ ការបង្កើតរូបភាពប្រតិបត្តិការធនាគារក្លែងក្លាយ ការបង្កើតទំនាក់ទំនងក្រោមរូបភាពស្នេហា ការចុះឈ្មោះរត់កីឡាម៉ារ៉ាតុនក្លែងក្លាយ និងការប្រើប្រាស់បច្ចេកវិទ្យា Ai Deep Fake ក្លែងវីដេអូ និងរូបភាពសម្រាប់ក្លែងអត្តសញ្ញាណជាដើម។
