ប្រតិភូសមាគមលើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្មម្ហូបអាហារឆោ សាន នៃទីក្រុងសាន ថូវ ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា
ភ្នំពេញ៖ លោកស្រី យ៉ាង ជា(Yang Jie) ប្រធានសមាគមលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មម្ហូបអាហារឆោ សាន នៃទីក្រុងសាន ថូវ ប្រទេសចិន បានដឹកនាំប្រតិភូចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិភាក្សាលម្អិតជាមួយគ្នាលើប្រធានបទ ដូចជាការលើកកម្ពស់វប្បធម៌ម្ហូបអាហារឆោ សាន កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មម្ហូបអាហារ និងការធ្វើសមាហរណកម្មធនធាន។

លោកស្រី យ៉ាង ជា បានបញ្ជាក់ថា ការមកដល់កម្ពុជាលើកនេះ មានគោលបំណងលើកកម្ពស់វប្បធម៌ម្ហូបអាហារឆោ សាន ឲ្យមានលក្ខណៈអន្តរជាតិ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យម្ហូបអាហារ ការផ្គត់ផ្គង់គ្រឿងផ្សំ និងវិនិយោគអាហារដ្ឋាន ហើយលោកស្រីក៏សង្ឃឹមថា នឹងនាំយកជំនាញបច្ចេកទេសចម្អិនអាហារ និងវប្បធម៌របស់ម្ហូបអាហារឆោ សាន មកកម្ពុជាផងដែរ។

ឧកញ៉ាតែ មាន ប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាបានចង្អុលបង្ហាញថា កម្ពុជាគឺជាតំបន់ដែលប្រមូលផ្ដុំទៅដោយប្រជាជនមានខ្សែស្រឡាយចិនឆោ សាន ហើយម្ហូបឆោ សាន ដូចជាប្រភេទ បបរ ប្រហិតសាច់គោ និងគុយទាវ គឺមានប្រជាប្រិយភាពខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជា។

ឧកញ៉ា តែ មាន បានរំលឹកនូវកិច្ចសហប្រតិបត្តិការដែលបានបង្កើតឡើងកាលពីឆ្នាំមុន គឺការបង្កើត «មជ្ឈមណ្ឌលវប្បធម៌ម្ហូបអាហារឆោ សាន ចិន-កម្ពុជា» និងបានបង្ហាញនូវការរំពឹងទុកលើការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។
លោកឧកញ៉ា ជាសឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានណែនាំឲ្យប្រតិភូបង្កើតអាហារដ្ឋានម្ហូបឆោ សាន លំដាប់ខ្ពស់មួយនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើសហគមន៍ចិននៅកម្ពុជា ហើយក៏បានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការវិនិយោគផងដែរ។

សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានបញ្ជាក់ថា ខ្លួននឹងបន្តដើរតួនាទីជាស្ពាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យវប្បធម៌ និងឧស្សាហកម្មម្ហូបអាហាររវាងប្រទេសទាំងពីរ ហើយក៏បានអញ្ជើញសមាគមលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មម្ហូបអាហារឆោ សាន ចូលរួមសន្និបាតសហគ្រិនចិនទៀជីវពិភពលោកលើកទី ១១ ដែលនឹងប្រារព្ធឡើងនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០២៦ ខាងមុខនេះ៕(សិរី)

