បណ្តារោងចក្រម៉ាស៊ីនក្នុងស្រុក បង្កើនលទ្ធភាពប្រមូលទិញស្រូវ ផ្ការំដួល ពីកសិករ

បណ្តារោងចក្រម៉ាស៊ីនក្នុងស្រុកមួយចំនួន បានបង្កើនលទ្ធផលភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះឱ្យបានច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាទីផ្សារកកស្ទះស្រូវរបស់ប្រជាកសិករ ខណៈតម្លៃស្រូវប្រភេទខ្លះ បាន​ងើបឡើងវិញបន្តិច។

រោងម៉ាស៊ីនកិនស្រូវ ឡាយសែ របស់ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសប្រមូលទិញស្រូវរំដួលពីកសិករយ៉ាងសកម្ម​ ​និងទិញឱ្យបានច្រើនបំផុត ​ដើម្បីជួយសម្រួលដល់កសិករ​មិនឲ្យប្រឈមនឹងបញ្ហាក្នុងការរកទីផ្សារលក់ស្រូវ។

- Advertise -

​​ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជា និងជាម្ចាស់ក្រុមហ៊ុន ​ស៊ីធី រ៉ាយស៍ បានចាប់ផ្តើមប្រមូលទិញស្រូវរំដួលពីកសិករ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ មក ដែលមកទល់ពេលនេះ ប្រមូលទិញបានប្រមាណ២ម៉ឺន៥ពាន់តោន។

លោកបញ្ជាក់ថា សម្រាប់បច្ចុប្បន្ននេះ លោកផ្តោតតែលើការប្រមូលទិញស្រូវរំដួលប៉ុណ្ណោះ ដោយសារ​វាជាប្រភេទពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា និងដើម្បីរក្សាតម្លៃពូជស្រូវប្រភេទនេះ ឱ្យមានតម្លៃល្អ ​ចៀសវាងកុំឱ្យមានការធ្លាក់ចុះដូចប្រភេទស្រូវផ្សេងទៀត ដោយសម្រាប់រដូវច្រូតកាត់ឆ្នាំនេះ ក្រុមហ៊ុនមានផែនការប្រមូលទិញស្រូវផ្ការំដួល (សើម) ពី៦ម៉ឺនតោន ទៅ៧ម៉ឺន​តោន។

យោងតាម​ផែនការទិញស្រូវ​របស់ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍ មួយ​ថ្ងៃមានចំនួន២ពាន់តោន។ តែយ៉ាងណានៅ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនបាន​ទទួលទិញស្រូវរហូតប្រហែល ២,៥០០ តោន​លើស​ផែនការ​។

ក្រុមហ៊ុននេះបានបញ្ជាក់ថា នឹងប្រឹងប្រែងប្រើប្រាស់សមត្ថភាពពេញលេញ ដើម្បីស្រូបទាញស្រូវពីកសិករ​ឲ្យបានច្រើនបំផុត ដើម្បីជួយសម្រួលដល់កសិករ​មិនឲ្យប្រឈមនឹងបញ្ហាក្នុងការរកទីផ្សារលក់ស្រូវ។ ក្រុមហ៊ុន City Rice នឹងបន្តអនុវត្តការទិញស្រូវផ្ការំដូលជាបន្តបន្ទាប់ ដោយស្មារតីទំនួលខុសត្រូវ និងគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ដើម្បី​រក្សា​ពូជស្រូវ​មរតក​ជាតិ​ខ្មែរ​មួយ​នេះ​។

បើតាម ​​​ឧកញ៉ា ឡាយ ឈុនហួរ បច្ចុប្បន្ននេះតម្លៃស្រូវផ្ការំដួល​ល្អប្រសើរជាងមុន ដោយកាលពីដើមរដូវមានតម្លៃក្នុងរង្វង់៩៥០ដល់៩៧០រៀល ក្នុងមួយគីឡូក្រាម (តម្លៃនៅវាលស្រែ) ប៉ុន្តែបច្ចុប្បន្ននេះ បានកើនឡើងដល់ពី៩៩០រៀលដល់ ១០០០រៀលក្នុងមួយគីឡូក្រាម។

យោងតាមលោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បរិមាណស្រូវប្រមូលទិញប្រចាំថ្ងៃកើនឡើងជាងបន្តបន្ទាប់។ ជាក់ស្តែង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ រោងម៉ាស៊ីនចំនួន៣៣ ដែលជាដៃគូសហការជាមួយក្រសួងកសិកម្ម ប្រមូលទិញស្រូវបាន ១៦០០០តោន ​ដែលធ្វើឲ្យបរិមាណប្រមូលទិញស្រូវកើនជាងថ្ងៃទី១១ ខែវិច្ឆិកា ដែលមានបរិមាណតែ១៥ ០០០ តោន៕

你可能还喜欢