អ្នកឧកញ៉ា គិត ម៉េង អំពាវនាវដល់គយ ជួយសម្រួលឯកសារឲ្យបានលឿន ដើម្បីឲ្យអ្នកវិនិយោគិន ស្រួលយកទំនិញចេញ-ចូល

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្ដការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអំពាវនាវដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជួយសម្រួលឯកសារឲ្យបានលឿន ដើម្បីឲ្យអ្នកវិនិយោគិនផ្នែកឯកជន ស្រួលយកទំនិញចេញ-ចូល។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងវេទិកាគយកម្ពុជា លើកទី៣ ដែលរៀបចំដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង។

- Advertise -

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវខាងគយមាត់ច្រក ត្រូវធ្វើយ៉ាងម្ដេចសម្រួលនីតិវិធីបែបបទឯកសារ ឲ្យបានលឿន ដើម្បីឲ្យអ្នកវិនិយោគិនផ្នែកឯកជន ស្រួលយកអីវ៉ាន់ចូល និងអីវ៉ាន់ចេញ»

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា គិត ម៉េង សូមអំពាវនាវដល់ថ្នាក់ដឹកនាំ ព្រមទាំងផ្នែកឯកជន និងភ្នាក់ងាររត់ការ ក៏ត្រូវតែគោរពច្បាប់ទាំងអស់គ្នាផងដែរ ព្រោះថា បើសិនជាអត់គោរពច្បាប់នោះទេ នីតិវិធីបែបបទឯកសារ ក៏មិនអាចធ្វើបានដោយងាយស្រួល និងបានលឿននោះដែរ។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងទៀតថា ខាងផ្នែកវិស័យឯកជន ត្រូវមានការយកចិត្ដទុកដាក់ទាំងអស់គ្នា និងធ្វើការសហការជាមួយនឹងមន្ដ្រីគយ ដើម្បីសម្រួលគ្នា ក្នុងការធ្វើការងារជាមួយគ្នា ធ្វើយ៉ាងម្ដេចជួយដល់ប្រទេសជាតិ ឲ្យបានរីកចម្រើន។

សូមជម្រាបថា រយៈពេល១០ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញទំនិញ គិតទឹកប្រាក់ជិត២៥ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង​១៥.២% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ មានចំនួនប្រមាណជាង២១ពាន់លានដុល្លារ។

ទំនិញសំខាន់ដែលកម្ពុជា នាំចេញភាគច្រើន គឺ​សម្លៀកបំពាក់​, វត្ថុធ្វើអំពីស្បែក, បរិក្ខារធ្វើពីរោមសត្វ, គ្រឿងប្រដាប់សម្រាប់ការធ្វើដំណើរ កាបូបដៃ និងវត្ថុសម្រាប់វេចខ្ចប់ ប្រហាក់ប្រហែល, ស្បែកជើង, ​ធញ្ញជាតិ​, កៅស៊ូ​, គ្រឿងសង្ហារឹម​, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់ឧបករណ៍អគ្គិសនី និងផ្លែឈើ៕

你可能还喜欢