អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល អះអាងថា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ និយាយពីការផ្អាកជើងហោះហើរថៃមកកម្ពុជាឡើយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ និយាយពីការផ្អាកជើងហោះហើរថៃ មកកម្ពុជានៅឡើយទេ។

ការចេញមកបញ្ជាក់បែបនេះ របស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បន្ទាប់ពីមានព័ត៌មាន នៅតាមបណ្ដាញសង្គមជាច្រើនផ្សព្វផ្សាយ នូវលិខិតជាភាសាថៃមួយ ដែលលើកឡើងថា ថៃបានសម្រេចផ្អាកជើងហោះហើរ ជាមួយកម្ពុជាទាំងស្រុង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ប៉ុន្តេលិខិតនេះត្រូវបានអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល អះអាងថាជាលិខិតក្លែងក្លាយ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន កាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា មកដល់ពេលនេះ អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ ពីការផ្អាកជើងហោះហើរថៃមកកម្ពុជានោះទេ ហើយអាកាសចរណ៍ស៊ីវិល នឹងបន្ដតាមដានអំពីរឿងនេះ ហើយបើមានអ្វីប្រែប្រួល នឹងធ្វើការជូនដំណឹង។

- Advertise -

បន្ថែមលើនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា លិខិតដែលគេចែកចាយ នៅលើបណ្ដាញសង្គម គឺជាលិខិតក្លែងក្លាយ ព្រោះថា នៅក្នុងការសរសេរឈ្មោះ និងឆ្នាំខុស ជាពិសេសនៅក្នុងនោះ អត់មានឈ្មោះអ្នកចុះហត្ថលេខា ហើយអ៉ីម៉ែលក៏សរសេរខុសដែរ៕  (ក្រសួងព័ត៍មាន)

你可能还喜欢